សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ
(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃចន្ទ ទី ២៥ សីហា ឆ្នាំ២០២៥ ។
សូមជម្រាបថា ក្រសួងការពារជាតិ បានបញ្ជាក់អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត របស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។ គណៈ ប្រតិភូថៃ ដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង ១០ និង ៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សា ទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។
ប្រភពខាងលើនេះ បានបញ្ជាក់ថា ភាគីទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាព ដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕

ដោយ ៖ វណ្ណលុក