អាជ្ញាធររាជធានី ត្រៀមកម្លាំងរួចរាល់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ សីហា ២០២៥

(ភ្នំពេញ)៖ ឯកឧត្ដម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស គឺការត្រៀមកម្លាំងជួយសម្របសម្រួល នៅពេលមានភ្លៀងធ្លាក់ ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ខាងមុខនេះ ដោយយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាការណ៍ហើយថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នាថ្ងៃទី២៨ និង២៩ សីហា ២០២៥ខាងមុខនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ។

ឯកឧត្ដម កើត ឆែ បានធ្វើការណែនាំបែបនេះ នាព្រឹកថ្ងៃទី២៥ សីហា២០២៥នេះ ខណៈ ឯកឧត្ដម អញ្ជើញជាអធិបតី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ខាងមុខនេះ ។

ឯកឧត្ដម កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ ជួយសម្រួលចរាចរណ៍ដល់សិក្សានុសិស្សដែលជាបេក្ខជនប្រលង ដើម្បីធានាបានថា ពួកគាត់អាចមកប្រលងបានទាន់ពេលវេលា ជាមួយនិងការលុបបំបាត់កន្លែងកូបពីនៅជិតមណ្ឌលប្រលងជាដើម ។

ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥នេះ យើងនឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួម គ្រប់សមាសភាពគណៈកម្មការសរុបចំនួន ៣,៥៨៥នាក់។

ឯកឧត្ដម កើត ឆែ បន្តថា ៖ ដោយការយកចិត្តទុកដាក់ពី ឯកឧត្ដម អភិបាល រាជធានីភ្នំពេញ ឯកឧត្ដម បានផ្តល់ការឧបត្ថម្ភជាថវិកា សម្រាប់ចូលរួមដំណើរការប្រឡង ជាមួយនិងការផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូសម្រាប់បេក្ខជន ចំនួន ៣៥មណ្ឌលស្មើ ៣៥,០០០,០០០រៀល ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើកង់-ម៉ូតូឡើយ។

ក្នុងកិច្ចប្រជុំស្តីពីការរៀបចំវិធានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥នេះដែរ ឯកឧត្ដម បានបន្ថែមថា ត្រូវធ្វើយ៉ាងណាឱ្យការប្រឡង ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ធានាបាននូវទិសស្លោក”អ្នកចេះគឺជាប់” ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner