រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល និងកងទ័ព ។
ការវាយតម្លៃបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំណែនាំ និង តម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មានប្រមាណ ២០០នាក់ ។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃយ៉ាងដូច្នេះថា ៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មាន បំភ្លៃ បំផ្លើសយ៉ាងក៏ដោយ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋរបស់យើងនៅនឹងនរក្នុងចិត្ត ដោយសារតែគាត់ទទួលបានព័ត៌មានពិត និងត្រឹមត្រូវពីរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយរបស់កម្ពុជា»។
ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងប្រពៃណី ព្រមទាំងអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ បានរួមផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីបញ្ជូនព័ត៌មានពិតពីបញ្ហាព្រដែន ដែលចេញផ្សាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ដៃពលរដ្ឋបានយ៉ាងលឿនរហ័ស និងទុកចិត្ត។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រភពព័ត៌មានដែល បងប្អូនប្រជាពលរដ្ឋជឿទុកចិត្តពឹងផ្អែកលើប្រភពផ្លូវការ រួមមាន រាជរដ្ឋាភិបាល,ក្រសួងការពារជាតិ, ក្រសួងការបរទេស, ក្រសួងព័ត៌មាន, ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook និង Telegram របស់សម្តេច ដែលបានផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ក្រសួងព័ត៌មានអំពាវនាវឱ្យសារព័ត៌មានផ្សព្វផ្សាយដោយផ្អែកលើការពិត ដើម្បីការពារសន្តិសុខ និងការជឿទុកចិត្តសាធារណៈជន ៕




ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា