សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បើក និង បិទវគ្គបណ្តុះបណ្តាល គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ពិសេសក្រសួងព័ត៌មាន កំពុងយកចិត្តទុកដាក់ខ្ពស់ និងថា សមរភូមិព័ត៌មាន ពិតជាសំខាន់ណាស់ក្នុងការបង្ការព័ត៌មានក្លែងក្លាយ ដែលនាំមកនូវភាពភាន់ច្រលំដល់មហាជន និងប្រជាជាតិ ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងពិធីបិទ និង បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ រៀបចំដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ សាកលវិទ្យាល័យពោធិសាស្ត្រផ្លរីដាសហរដ្ឋអាមេរិក និងសហភាព សហព័ន្ធសារព័ត៌មានកម្ពុជា ។

ឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រង បណ្តាញព័ត៌មាន សាធារណមតិ ក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេស លើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយជាដើម ។

លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានពិត ពិសេសត្រូវឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយឱ្យបានទាល់ពេលវេលា កុំឱ្យមានការភាន់ច្រលំដល់អ្នកទស្សនា ។

ខណៈនោះដែ ឯកឧត្តម ហ៊ុយ វណ្ណៈ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា និងគណៈអធិបតី បានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មាន មកពីបណ្តាអង្គភាព មន្ត្រីរាជការ មន្ត្រីអង្គការសង្គមស៊ីវិល ចំនួនសរុប ១១៥នាក់ ស្រី ២០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយមានសាស្រាចារ្យមានបទពិសោធន៍ធ្វើបទឧទ្ទេសនាមដូចជា៖ លោកសាស្រ្តាចារ្យបណ្ឌិត ជា ចំរើន, លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ុន សុខា និងលោក សុខ សុភមង្គម ជាដើម ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ សិក្សារយៈពេល ១ថ្ងៃ នៅអាគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅវិថីវិចិត្រសិល្បៈ (ផ្លូវOCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner