លោក Zelensky ប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម នៅថ្ងៃបុណ្យឯករាជ្យជាតិ

កៀវ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក ហ្សេលែនស្គី បានប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម អំឡុងការថ្លែងសុន្ទរកថា នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី២៤ ខែសីហា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីទីក្រុងម៉ូស្គូ បាននិយាយថា អ៊ុយក្រែន បានវាយប្រហារ ទៅលើរោងចក្រថាមពលរបស់រុស្ស៊ី ពេញមួយយប់ ជាការសងសឹក នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បណ្តាលឲ្យឆេះរោងចក្រថាមពលនុយក្លេអ៊ែរនៅ តំបន់Kursk។

លោក Zelensky បាននិយាយថា អ៊ុយក្រែននឹងបន្តតស៊ូ ដើម្បីសេរីភាពរបស់ខ្លួន ព្រោះ ការអំពាវនាវរបស់ខ្លួនដើម្បីសន្តិភាព មិនត្រូវបានអើពើ។ យ៉ាងណា លោកអះអាងថា
អ៊ុយក្រែន ត្រូវការសន្តិភាព តែ អ៊ុយក្រែន មិនមែនជាជនរងគ្រោះទេ ប្រទេសនេះគឺជាអ្នកប្រយុទ្ធ។ លោកបន្តថា អ៊ុយក្រែន មិនទាន់ឈ្នះទេ ប៉ុន្តែ ពិតជាមិនចាញ់សង្គ្រាម នេះទេ។

ជុំវិញសង្រ្គាមអូសបន្លាយ ជាង៣ឆ្នាំ មកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ទើបបានជួបចរចា ជាមួយ សមភាគីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃទី ១៥ ខែសីហា ហើយបានបន្តជួបចរចាជាមួយ លោក Zelensky នៅសេតវិមាន កាលពីថ្ងៃទី១៨ ខែសីហា។ កិច្ចប្រជុំកំពូលទាំងនេះ ត្រូវបានចាត់ទុកថា ជាជំហាន ដ៏សំខាន់ឆ្ពោះ ទៅរកសន្តិភាព នៅអ៊ុយក្រែន។ យ៉ាងណា លោក Trump បានបង្ហាញការខកចិត្ត ជាសាធារណៈ កាន់តែខ្លាំងឡើង ចំពោះកង្វះកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន។

គួរបញ្ជាក់ថា ការប្រារព្ធទិវាឯករាជ្យ របស់អ៊ុយក្រែន ត្រូវបានប្រារព្ធឡើង នៅក្នុងទីក្រុង Kyiv ខណៈដែលប្រទេសនេះ បានរម្លឹក អំពីការប្រកាសឯករាជ្យ របស់ខ្លួន ពីសហភាពសូវៀត ក្នុងឆ្នាំ១៩៩១៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner