ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៥ប្រទេស ធ្វើដំណើរទៅកាន់ ខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ផ្ទាល់ក្រោយសៀម រាយបន្លាសលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួនប្រទេស ៥ប្រទេស (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យពីសំណាកក់ ក្រុមអ្នកសង្កេតការណ៍ អន្តរកាលទាំង ៥ ប្រទេស ដោយផ្ទាល់នេះ ក្រោយកាលពីរសៀលថ្ងៃទី ២៥ ខែសីហាកងទ័ពទាហានថៃបានឈ្លានពានយ៉ាងងងើល ដោយលើកគ្នីគ្នាមករាយបន្លាលួសដើម្បីព័ទ្ធយកផ្ទះសម្បែង និងដីធ្លី របស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យរួចមក ។

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។

បន្អាប់មកវេលាម៉ោង ១៥,១៤រសៀលថ្ងៃដដែលនេះ កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងនឹងយកបន្លាសលួសមករាយម្តងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងរបស់ថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ ។

អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងដែរថា ចាប់តាំងតែពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥រហូតដល់ព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីគ្នា ធ្វើការឆ្លើយតបគឺផ្តើមចេញពីការព្រួយបារម្ភចំពោះមុខ នឹងការរាយបន្លាលួស របស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីការស្រឡាញ់ទឹកដី និងការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្របច្បាប់របស់ពួកគាត់ ។

លោជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដែរថា ៖ នៅក្នុងការកើតហេតុការណ៍នេះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាយើង ដែលមិនប្រដាប់ដោយអាវុធ ហើយដែលយើងឈរជើងប្រចាំតំបន់នោះក៏មានវត្តមាននៅកន្លែងនោះផងដែរ ដើម្បីការពារ សុវត្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបំពេញប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់។ ម្យ៉ាងវិញទៀត កងកម្លាំងរបស់យើង បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ លក្ខខណ្ឌបទឈប់បាញ់ដូចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកន្លងមករវាងកម្ពុជា និងថៃ ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយបញ្ជាក់ថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជា បញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈ នៃការយោគយល់ឆ្នាំ២០០០ (MOU 2000)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner