ធនាគារកណ្ដាលកម្ពុជា-វៀតណាម ពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ សម្រាប់ការទូទាត់ឆ្លងដែន

(ភ្នំពេញ)៖ កម្ពុជា និង វៀតណាម បានរក្សាការពង្រឹងមិត្តភាព និងពង្រីក កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ លើកកម្ពស់ការប្រើប្រាស់ រូបិយវត្ថុជាតិ សម្រាប់ការទូទាត់ឆ្លងដែន ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាម នៅធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ។

កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែ កអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ ។

ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ ២០២៥-២០២៦ ដែលរួមមានដូចជា៖

១-បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម, ២- លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរ និងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ និង ៣-លើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំនេះ ដោយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាតរភាព និងភាពស្និទ្ធស្នាលជាទីបំផុត ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner