ក្រសួងរៀបចំដែនដី នឹងយកការរៀបចំប្លង់គោល នៃការប្រើប្រាស់ដីក្នុងខេត្តសៀមរាប និងបណ្ដាខេត្តចំនួន ៥ទៀត នៅជុំវិញបឹងទន្លេសាប ជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេស ក្នុងគោលដៅជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

(សៀមរាប) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប និងខេត្តចំនួន៥ទៀតនៅជុំវិញបឹងទន្លេសាបនេះ នឹងត្រូវប្រើប្រាស់ធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

នេះជាប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប និងតំបន់រមណីយដ្ឋានអង្គរ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងតំណាងក្រសួងធនធានទឹកនិងឧតុនិយម រួមនិងអាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើសុំឱ្យអាជ្ញាធរទន្លេសាបមានការឯកភាពគ្នាក្នុងការចូលរួមអនុវត្តការងារនៅក្នុងតំបន់បឹងទន្លេសាប និងបានអោយដឹងថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងត្រូវចុះអនុវត្តការងាររៀបចំផែនការប្រើប្រាស់ដីនៅខេត្តចំនួន ៦ជុំវិញបឹងទន្លេសាប ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យើងមានក្រុមការងារដែលបានបែងចែកជារួម មានចំនួន១៣១ ឃុំក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប ដែលត្រូវរៀបចំប្លង់គោលនៃការប្រើប្រាស់ដី ។ ជារួមគឺផ្ដើមចេញពីភូមិចំនួន ១១៤ ដែលពាក់ព័ន្ធក្នុងតំបន់បេតិកភណ្ឌអង្គរនិងបន្តធ្វើនៅទូទាំងខេត្តសៀមរាប ដោយត្រូវរៀបចំប្លង់គោលនៃការប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅខេត្តសៀមរាបនិងខេត្តចំនួន៥ទៀត នៅជុំវិញបឹងទន្លេសាបនេះ នឹងត្រូវប្រើប្រាស់ធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេសដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ តាមរយៈការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី រួមជាមួយការបង្កើតមូលនិធិឃុំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអាចផ្តល់ថវិកាស្របតាមគម្រោងផែនការតាមឃុំនីមួយៗបាន ដែលនេះគឺជាយុទ្ធសាស្ត្រពិសេសមួយ សំដៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

តាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា ៖

១: តំបន់ទន្លេសាប ក្នុងដែនសមត្ថកិច្ចរបស់ខេត្តសៀមរាបមានឃុំសង្កាត់ចំនួន ៣៣, ក្រុមការងារបានរៀបចំសម្រេចចំនួន ២ឃុំគឺឃុំពោធិ៍ទ្រាយ ស្រុកពួក និងឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ហើយកំពុងរៀបចំ២ឃុំសង្កាត់បន្តទៀត គឺសង្កាត់ចុងឃ្នាស ក្រុងសៀមរាប, និងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។

២: តំបន់បេតិកភណ្ឌពិភពលោកអង្គរ: រមណីយដ្ឋានអង្គរមាន ១១៤ភូមិ,ក្រុមការងារបានរៀបចំរួចរាល់ចំនួន ៤ ភូមិគឺ ភូមិខ្នាត ស្រុកពួក, ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប, ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប, ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ហើយក្រុមការងារកំពុងរៀបចំបន្តទៀតចំនួន៥ គឺភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង និងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ។

នេះជាជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អជ្ញាធរជាតិបឹងទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស ។

សូមជម្រាបជូនថា ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បិកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner