កម្ពុជា បើកសិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និង ទីម័រឡេស្តេ

(ខេត្តសៀមរាប)៖ សិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ, ជប៉ុន, ចិន, កូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បានចូលរួម សិក្ខាសាលា ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ។

សិក្ខាសាលានេះ រៀបចំឡើង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ។

ឯកឧត្ដម យឿន សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លើកឡើងថា “សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈនេះ ជាផ្នែកមួយ នៅក្នុងផែនការសកម្មភាព ACCSM+3 ២០២១-២០២៥ ដែលថ្នាក់ដឹកនាំអាស៊ានបូកបី បានអនុម័តជាផ្លូវការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានប្រទេសកម្ពុជា ជាប្រទេសទទួលបន្ទុកសម្របសម្រួលរៀបចំ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំបងចំនួន៣ គឺ ៖ អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្រ្តីរាជការ លើការធ្វើឌីជីលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ, លើកកម្ពស់ការយល់ដឹង និងចែករំលែកឧត្តមានុវត្ត បទពិសោធន៍ និងនវានុវត្តន៍នៃការធ្វើឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង សិក្ខាកាមក៏អាចយកឱកាសនៃសិក្ខាសាលានេះ ដើម្បីចែករំលែក និងអភិវឌ្ឍកម្មវិធីសិក្សាអក្ខរកម្មឌីជីថល សម្រាប់ប្រទេសរបស់ខ្លួន ព្រមទាំងវីធីសាស្រ្ត និងយុទ្ធសាស្រ្តសម្រាប់ការអនុវត្តផងដែរ។”

សូមជម្រាបថា សិក្ខាសាលានេះ នឹងមានបទបង្ហាញលើប្រធានបទចំនួន៣ រួមមាន៖ ទី១៖ ស្ដីពីប្លង់មេនៃបរិវត្តកម្មឌីជីថល ធ្វើឡើងដោយអ្នកជំនាញរបស់សាធារណរដ្ឋកូរ៉េ។ ទី២៖ ស្តីពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ ដោយអ្នកជំនាញរបស់ប្រទេសចិន។ ទី៣៖ ស្តីពីយន្តការនិងកម្មវិធីសិក្សា ដើម្បីការយល់ដឹងផ្នែកឌីជីថលរបស់មន្ត្រីរាជការ ធ្វើឡើងដោយអ្នកជំនាញរបស់ប្រទេសជប៉ុន។

ក្នុងសិក្ខសាលានេះ បែងចែកកិច្ចពិភាក្សាជា ៤វគ្គ ជាអាទិ៍៖ វគ្គទី១ និងវគ្គទី២ ពិភាក្សាពីប្លង់មេនៃបរិវត្តកម្មឌីជីថលនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៣ ពិភាក្សាពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៤ ពិភាក្សាពីយន្តការ និងកម្មវិធីសិក្សាលម្អិត ដើម្បីបង្កើនការយល់ដឹងផ្នែកឌីជីថលរបស់មន្រ្តីរាជការ នៃរដ្ឋជាសមាជិកអាស៊ាន៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner