កូរ៉េខាងជើងអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ ២០គ្រាប់ ក្នុងមួយឆ្នាំ
វ៉ាស៊ីងតោន ៖ កូរ៉េខាងជើងអាចផលិតគ្រាប់បែកនុយក្លេអ៊ែរ ចំនួន២០គ្រាប់ ក្នុងមួយឆ្នាំ
នេះបើតាមអ្វីដែលមេដឹកនាំកូរ៉េខាងត្បូង បានលើកឡើង ក្នុងពេលបំពេញទស្សនកិច្ច នៅអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា។
ថ្លែងនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី
លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា «អាវុធនុយក្លេអ៊ែរ ICBM មានសមត្ថភាព បាញ់ដល់សហរដ្ឋអាមេរិក ហើយ វាត្រូវបានអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង។ ប្រទេសនះ ក៏កំពុងបន្តកសាងសមត្ថភាព ផលិតគ្រាប់បែកនុយក្លេអ៊ែរ ប្រមាណពី ១០ ទៅ ២០ គ្រាប់ ក្នុងមួយឆ្នាំ»។
លោក Lee បាននិយាយទៀតថា «យើងបានខិតខំប្រឹងប្រែង ដើម្បីរារាំងកូរ៉េខាងជើង និង អនុវត្តទណ្ឌកម្ម ប៉ុន្តែ លទ្ធផល គឺកូរ៉េខាងជើង បន្តអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន» ដោយមេដឹកនាំ ទើបកាន់តំណែងថ្មី រូបនេះ ហាក់ចង់បន្ទោស លើកង្វះខាតការទូត របស់ប្រធានាធីបតី កូរ៉េខាងត្បូង មុន។
លោក បាននិយាយថា «ការពិតដ៏លំបាក គឺថា ចំនួនអាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងមាន បានកើនឡើង ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ចុងក្រោយនេះ»។
លោក Lee បាននិយាយថា កូរ៉េខាងត្បូងបានប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់ ប៉ុន្តែ ក៏បានចង្អុលបង្ហាញ ពីការខិតខំប្រឹងប្រែង របស់លោក ក្នុងការបន្ធូរបន្ថយការបង្កហេតុ។
ជាការកត់សម្គាល់ ក្នុងពេលជួបលោក Lee នៅសេតវិមាន លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ថា លោកចង់ជួប មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត