ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ី ចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ទីដែលទាហានថៃ រាយបន្លាលួសយកដី និងផ្ទះពលរដ្ឋកម្ពុជា

(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន ៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា នៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យជាក់ស្ដែងទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជា ជាច្រើនគ្រួសារ ។

ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃ ឈ្លានពាន ព័ទ្ធលួសបន្លា យកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិត អំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ា ទៅកាន់ក្រុមទាហានថៃ ។

កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង ១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មី បម្រុងយកបន្លាលួស មករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួន ត្រឡប់ទៅវិញ ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែសីហានេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់ របស់ពួកគាត់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner