ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បច្ចេកវិទ្យាឌីជីថលរួមចំណែកដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ

(ខេត្តសៀមរាប)៖ ស្របពេលកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មឌីជីថល ត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយគ្រប់តួអង្គនៃក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម«ធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏មានសារៈសំខាន់បំផុតមួយនៃការរួមចំណែកពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលបានធ្វើជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាលនីតិកាលមុនៗ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានចែករំលែកការងារកែទម្រងរដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី បាននិង កំពុងបន្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈជាមួយឆន្ទៈនយោបាយមុតស្រួចប្រកប ដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដោយកំណត់គោលដៅអាទិភាព ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការដាក់ចេញវិធានការគន្លឹះចំនួន៣ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រៅពីជំរុញយ៉ាងសកម្មលើការធ្វើឌីជីថលូបនីយកម្មក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ កំពុងប្រើប្រាស់ជាប្រចាំនូវបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារកែទម្រង់ ស្របតាមទស្សនវិស័យដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ក្នុងនោះបច្ចេកវិទ្យាឌីជីថល បានក្លាយជាថ្នាលព័ត៌មានវិទ្យាដ៏មានសារៈសំខាន់ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកអាស៊ាន គឺពិតជាមាន សារៈសំខាន់ ជាពិសេសនាឱកាសនេះ ក្នុងវិស័យមុខងារសាធារណៈ ដែលយើងត្រូវ បន្តរៀបចំជាវេទិកាកម្រិតតំបន់ ដើម្បីរួមគ្នាកសាងសមត្ថភាព ចែករំលែកផ្លាស់ប្តូរគ្នា ទៅវិញទៅមកពីឧត្តមានុវត្តន៍ និងចំណេះដឹងបច្ចេកវិទ្យាទំនើបៗ ឆ្ពោះទៅការប្រើប្រាស់ និងចាប់យកឱ្យបានជាអតិបរិមានូវកាលានុវត្តភាព និងសក្តានុពលបច្ចេកវិទ្យាឌីជីថល នៅក្នុងកិច្ចការរដ្ឋបាលសាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner