ទីម័រខាងកើត ប្តេជ្ញាចិត្តយ៉ាងមុតមាំ ពង្រឹងបន្ថែមនូវទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យជាមួយកម្ពុជា

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មី ប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យរវាងកម្ពុជា និងទីម័រខាងកើត ។
ការថ្លែងការប្តេជ្ញានេះ បានលើកឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអអន្តរជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម ម៉ារគូស ឌូស្ត្រេយ ដា កូស្តា ឯកអគ្គរដ្ឋ ទូតទីម័រឡេស្តេថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្រី្ត បានអបអរសាទរ ឯកឧត្តម Marcos Da Costa ដែលត្រូវបានតែងតាំងជាឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅកម្ពុជា និងបានបញ្ជាក់ពីការធានានូវការគាំទ្រ និងជំនួយចាំបាច់នានា ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងទីម័រខាងកើត ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរ និងគាំទ្រចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ ដោយសម្តែងនូវទឹកចិត្តថា អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គ រដ្ឋទូត នឹងពង្រឹងទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងទីម័រឡេស្តេ ។

ឯកឧត្តម Marcos Da Costa បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជិតស្និទ្ធ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សា និងកសាងនូវសន្ទុះវិជ្ជមានបន្តពីឯកឧត្តមឯកអគ្គរដ្ឋទូតអាណត្តិមុន ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធានាចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្រ និងជំនួយចាំបាច់ ដើម្បីសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលទីម័រខាងកើត ចំពោះបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាល និងការរៀបចំដ៏ល្អចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅទីម័រឡេស្តេ កាលពីខែឧសភា ។

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំកម្ពុជា បានសម្ដែងការអគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះទីម័រឡេស្តេ ឲ្យក្លាយជាសមាជិកទី១១ ពេញលេញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាថ្ងៃ២៦ ឧសភាថា ទីម័រឡេស្តេ នឹងចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងកូឡាឡាំពួរ ។ ទីម័រខាងកើត ក្នុងការស្នើសុំបញ្ចូលខ្លួនជាបេក្ខភាពទី១១អាស៊ាន បានប្រឹងប្រែងធ្វើកិច្ចការជាច្រើន តាំងពីឆ្នាំ២០១១មក ហើយសម្តេចតេជោ គឺជាថ្នាក់ដឹកនាំក្នុងចំ ណោមប្រទេសអាស៊ានតែមួយគត់ ដែលបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងដោយឥតស្ទាក់ស្ទើរ ក្នុងដំណើរការនៃការស្នើសុំរបស់ទីម័រឡេស្តេ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner