ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យនៅប្រទេសបារាំង
ប៉ារីស ៖ ជារឿងដ៏កម្រមួយ ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យប្រភេទ Morane 29 ចំនួនមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ចូលស្រះទឹក។
កាសែតបារាំង Le Parisien បានរាយការណ៍កាលពីថ្ងៃទី២៤ ខែសីហាថា ភ្លាមៗ អ្នកបើកយន្តហោះ និងមន្ត្រីពន្លត់អគ្គីភ័យបានចេញពីកាប៊ីនយន្តហោះដោយសុវត្ថិភាព ហើយបានរួចផុតជីវិតពីសេចក្តីស្លាប់។
អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមួយគ្រឿង បានជួបគ្រោះថ្នាក់នៅពេលវាកំពុងស្រង់ទឹកយកទៅពន្លត់ភ្លើងឆេះព្រៃ ប៉ុន្តែជាសំណាងអាក្រក់ ឧទ្ធម្ភាគចក្រនេះបានហោះប៉ះនឹងផ្ទៃទឹក ដែលបណ្តាលឱ្យវាធ្លាក់ចូលស្រះទឹកតែម្តង។
ឧទ្ធម្ភាគចក្រប្រភេទ Morane 29 ត្រូវបានប្រើប្រាស់សម្រាប់ការពន្លត់ភ្លើងតាំងពីឆ្នាំ ២០២៣។ នៅរដូវក្តៅនេះ ឧទ្ធម្ភាគចក្រនេះបានទម្លាក់ទឹកពីលើអាកាសចំនួន ១៥៤លើក ដោយបានពន្លត់ភ្លើងរាប់សិបកន្លែង និងការពារភ្លើងឆេះព្រៃរីករាលដាលទូទាំងប្រទេសបារាំង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា