ឥណ្ឌូណេស៊ី អាមេរិក និង ១៥ប្រទេសទៀតធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

ហ្សាកាតា ៖ ឥណ្ឌូណេស៊ី អាមេរិក និងប្រទេសចំនួន ១៥ ផ្សេងទៀត បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ មានឈ្មោះថា “Super Garuda Shield” ឆ្នាំ២០២៥។

កងទ័ពប្រមាណជាង ៦.៥០០នាក់កំពុងចូលរួមក្នុង សមយុទ្ធយោធានេះ ក្នុងនោះរួមមានទាំងទាហានមកពីអូស្ត្រាលី កូរ៉េខាងត្បូង និងកាណាដា។ ហើយល្បែងសង្គ្រាមនេះ ចាប់ផ្តើមដំណើរការនៅ ទីក្រុង ហ្សាកាតា នៅថ្ងៃទី២៥ ខែសីហា។

ឧត្តមសេនីយ Tandyo Budi Revita មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី និយាយថា ពិភពលោកបានជួបប្រទះនូវបញ្ហាប្រឈមផ្នែកសន្តិសុខកាន់តែខ្លាំងឡើង រួមទាំងគ្រោះមហន្តរាយធម្មជាតិ ការគំរាមកំហែងតាមអ៊ីនធឺណិត ភាពតានតឹងក្នុងតំបន់ និងភាពមិនប្រាកដប្រជាជាសកលជាដើម។ ដូច្នេះកងទ័ពចូលរួមក្នុងសមយុទ្ធរួមគ្នានេះ គគគឺដើម្បីបង្ហាញពីការឈរប្រកៀកស្មាគ្នា ដើម្បី ឆ្លើយ តប រាល់ បញ្ហា ប្រឈម យ៉ាង រហ័ស និង ជាក់លាក់។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីបានរៀបចំធ្វើសមយុទ្ធតាំងពីឆ្នាំ ២០០៧។ ហើយល្បែងសង្គ្រាមនេះ ត្រូវបានពង្រីកទៅជាទ្រង់ទ្រាយធំដូចពេលបច្ចុប្បន្ននៅឆ្នាំ ២០២២ ក្នុងគោលបំណងជំរុញទំនាក់ទំនងសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការហ្វឹកហ្វឺនឆ្នាំនេះ រួមមានការចុះចតលើឆ្នេរខ្សាច់ ការលោតឆ័ត្រយោង និងប្រតិបត្តិការវាយដណ្តើមយកកោះត្រឡប់មកវិញ។ កងទ័ពប្រហែល ៧៥០នាក់មកពីកងកម្លាំងស្វ័យការពារជប៉ុនក៏ចូលរួមដែរ ហើយតួលេខនេះច្រើនជាងឆ្នាំមុនទ្វេដង។

បន្ថែមពីលើកងទ័ព ជប៉ុនក៏បានបញ្ជូននាវាដឹកជញ្ជូន Osumi និងយន្តហោះដឹកជញ្ជូន C-130 មកចូលរួមផងដែរ។ សមយុទ្ធនេះនឹងដំណើរការរហូតដល់ថ្ងៃទី៤ ខែកញ្ញាខាងមុខ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner