រដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ជាក់ប្រាប់ពលរដ្ឋអំពីការអត់ធ្មត់ដើម្បីចៀសវាងការប៉ះទង្គិចប្រដាប់អាវុធដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ បាត់បង់សាច់ញាតិបងប្អូន និង កងកម្លាំងរបស់យើង
(ភ្នំពេញ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់តាមបណ្តាញសង្គមប្រាប់ដល់ពលរដ្ឋកម្ពុជាអំពីការអត់ធ្មត់របស់កងទ័ពកម្ពុជាដើម្បីជាប្រយោជន៍នាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ បាត់បង់សាច់ញាតិបងប្អូននិងកងកម្លាំងរបស់យើង។
រដ្ឋមន្ត្រីក្រសួងការពារជាតិបានពន្យល់ប្រាប់ពលរដ្ឋកម្ពុជាថា ចាប់តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។
ជាមួយការថ្លែងបែបនេះរដ្ឋមន្រ្តីក្រសួងកាពារជាតិកម្ពុជាបានក៏បានពន្យល់ពីបញ្ហាកើតឡើងដោយសារទាហានថៃដែលយកបន្លាលួសមករាយព័ទ្ធយកផ្ទះសម្បែង និងពលរដ្ឋកម្ពុជាផងដែរដោយបញ្ជាក់ថា”តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធិភាព”។
ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើងដែរថា”សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត”។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកាពារជាតិកម្ពុជាបានថ្លែងដែរថា” ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា៖” ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត”៕




ដោយ ៖ ម៉ាដេប៉ូ