ជប៉ុនពន្យារពេលបញ្ជូនផ្កាយរណបឧតុនិយមថ្មីទៅកាន់ទីអវកាស
តូក្យូ ៖ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ខ្លួននឹងពន្យាពេលបាញ់បង្ហោះផ្កាយរណបអាកាសធាតុថ្មីរយៈពេលពីរឆ្នាំ ដោយសារតែការអភិវឌ្ឍន៍យឺតជាងការរំពឹងទុក ពិសេសធាតុផ្សំ។
ផ្កាយរណបឧតុនិយម Himawari-10 ដំបូងឡើយគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំសារពើពន្ធ ២០២៨ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៩ ហើយនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំបន្ទាប់។
ផ្កាយរណប Himawari-10 នឹងស្នងតំណែងផ្កាយរណបឧតុនិយម Himawari-8 និង Himawari-9 ដែលបច្ចុប្បន្នកំពុងដំណើរការនៅទីអវកាស។ អអាយុកាលរបស់ផ្កាយរណបឧតុនិយមពីមុន នឹងត្រូវផុតសុពលភាពក្នុង ពេល ឆាប់ៗ នេះ។
Himawari-10 នឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាទំនើប ដែលមានសមត្ថភាពផលិតផែនទី 3D នៃចំហាយទឹក និងសារធាតុផ្សេងៗទៀតនៅក្នុងបរិយាកាស។
ទីភ្នាក់ងារឧតុនិយមជប៉ុនគ្រោងនឹងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា ដើម្បីកែលម្អភាពត្រឹមត្រូវនៃការព្យាករណ៍ពីពពកភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយទាក់ទងនឹងទឹកភ្លៀង។
ទោះបីជាយ៉ាងណា ទីភ្នាក់ងារឧតុនិយមជប៉ុននឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការពន្យារពេលលើផែនការទាំងមូល៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា