ក្រសួងដែនដី យកចិត្តទុកដាក់គិតគូរអំពីការលើកស្ទួយជីវភាពមន្ត្រីរាជការ ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងមនសិការមន្ត្រីរាជការស៊ីវិលល្អ រឹងមាំ វាងវៃ និងឆ្លាតវៃ ជាកម្លាំងចលករសម្រាប់បម្រើប្រទេសជាតិ និងប្រជាជន
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានយកចិត្តទុកដាក់គិតគូរអំពីការលើកស្ទួយជីវភាពមន្ត្រីរាជការ ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងមនសិការមន្ត្រីរាជការស៊ីវិលល្អ រឹងមាំ វាងវៃ និងឆ្លាតវៃ ជាកម្លាំងចលករសម្រាប់បម្រើប្រទេសជាតិ និងប្រជាជន ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសមិទ្ធផល និងទិសដៅការងារសំណង់ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ដើម្បីអនុវត្តការងារដោយរលូនក្រៅពីផែនទីឯកភាពការងារ ទិសដៅនិងគោលនយោបាយហើយនោះ គឺត្រូវគិតគូរអំពីជីវភាពមន្ត្រី ហើយយើងត្រូវកសាងសង្គមរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមានមនោសញ្ចេតជាច្រើន,ចេះគោរពស្រឡាញ់រាប់អានពឹងពាក់គ្នាទៅវិញទៅមក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីអនុវត្តការងារដោយរលូនក្រៅពីផែនទីឯកភាពការងារ ទិសដៅនិងគោលនយោបាយហើយនោះ ឈរលើគោលការណ៍គិតគូរអំពីជីវភាពមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយធនាគារអេស៊ីលីដា ក្នុងការផ្ដល់អត្រាការប្រាក់ទាបដល់មន្ត្រី, ចំពោះមន្ត្រីដែលមានជីវភាពលំបាកក្រសួងនឹងផ្ដល់ប្រាក់រង្វាន់ទ្វេដងដើម្បីជួយសម្រួលជីវភាព, ក្រៅពីផ្ដល់ជូនថ្លៃសម្រាលកូន,ថ្លៃចាក់វ៉ាក់សាំងដល់ទារកហើយនោះ ក្រសួងនឹងផ្ដល់ជូនថ្លៃទឹកដោះគោបន្ថែមសម្រាប់ទារកជាកូនរបស់មន្ត្រី ក្នុងរយៈពេលមួយឆ្នាំ, មន្ត្រីដែលមានកូនដល់ ៥នាក់ ក្រសួងនឹងផ្តល់ជូនប្រាក់រង្វាន់បន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា អ្វីដែលជាផែនទីឯកភាពការងាររបស់ក្រសួង និងភូមិសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យដំណើរការទៅមុខដោយរលូននោះ គឺធនធានមន្ត្រី ដូច្នេះឯកឧត្តមចង់ឃើញមន្រ្តីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងអាណត្តិទី៧ នេះមានជីវភាពធូរធារ មានកាយសម្បទាមាំមួន, មានចរិយាមារយាទល្អ មានភាពស្មោះត្រង់ ចេះយកអាសារគ្នាទៅវិញទៅមក ដែលនោះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងក្រសួងកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ឯកឧត្តមថេង ចន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលតែងតែបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់យុវជនរបស់ក្រសួងជាប់ជាប្រចាំ ដែលនេះមិនមែនជាការងារសាមញ្ញពេកទេ ដើម្បីជំរុញណែនាំដល់យុវជនឱ្យមានការគិតគូរស្រដៀងគ្នា និងនាំមកនូវការឯកភាពជាតិរួមគ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដឹកនាំស្ថាប័នគឺត្រូវធ្វើទៅតាមគំនិតរួមរបស់សង្គមជាតិ ហើយឯកឧត្តមបានបណ្ដុះផ្នត់គំនិតដល់យុវជនក៏ដូចជាមន្ត្រីក្រោមឱវាទក្រសួង ក្នុងការកសាងសំណង់ផ្សេងៗ ត្រូវចេះគិតគូរអំពីការសាងសង់បន្ទប់ទឹកឱ្យបានត្រឹមត្រូវ ត្រូវគិតអំពីសង្គម គិតពីគុណតម្លៃ គិតពីអរិយធម៌,ភាពអៀនខ្មាស់,ទំនៀមទម្លាប់នោះទើបសង្គមក្លាយជាភូមិឋានក្សេមក្សាន្តបាន ៕
ដោយ / គ្រី សម្បត្តិ
