កម្ពុជា បានផ្ញើលិខិតតវ៉ាជាថ្មីទៅភាគីថៃ ប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃ មកលើអធិបតេយ្យកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនលិខិតទៅកាន់ភាគីថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នូវការតវ៉ាប្រឆាំងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភជាបន្តបន្ទាប់ ដោយកងកម្លាំងរបស់ថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានបន្ថែមថា នេះគឺជាការតវ៉ាលើកទី៣ហើយ បន្ទាប់ពីមានការតវ៉ាចំនួន ២លើកមុននេះ នៅថ្ងៃទី១៤ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែលការតវ៉ាលើកនេះ គូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២០ នាទី យោធាថៃ បានបន្តដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សកម្មភាពនេះ គឺជាការំលោភបំពានថ្មីមួយទៀតរបស់យោធាថៃ ចូលមកក្នុងទឹកដីរបស់កម្ពុជា ហួសពីទីតាំងរបស់ពួកគេ នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សកម្មភាពនេះ គឺជាការំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងអោយឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល។

ជាងនេះទៅទៀត ការរំលោភនេះ ក៏អាចធ្វើឱ្យមានគ្រោះថ្នាក់បន្ថែមទៀតទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ក៏ដូចជាស្មារតីកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀត ដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា ជាមួយនឹងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner