លោក Trump ចុះហត្ថលេខាលើបទបញ្ជាដាក់គុកអ្នកដុតទង់ជាតិអាមេរិក
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី២៥ ខែសីហា បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិក ចាត់វិធានការច្បាប់ប្រឆាំងនឹងជនទាំងឡាយណា ដែលហ៊ានដុត ឬប្រមាថទង់ជាតិអាមេរិក បើទោះបីជាមានការរិះគន់ពីក្រុមគាំទ្រសេរីភាពនៃការបញ្ចេញមតិក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោកប្រធានាធិបតី Trump បាននិយាយនៅពេលលោកកាន់ចុងប៉ិចស៊ីញ៉េលើបទបញ្ជានេះនៅការិយាល័យ Oval Office ថា ប្រសិនបើអ្នកដុតទង់ជាតិ នោះអ្នកនឹងត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
បទបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយលោកមេដឹកនាំអាមេរិករូបនេះ ក៏បានណែនាំរដ្ឋអាជ្ញាឱ្យបញ្ជូនករណីបំផ្លាញទង់ជាតិទៅអាជ្ញាធររដ្ឋ ឬតំបន់ ហើយណែនាំរដ្ឋបាលឱ្យហាមឃាត់ និងបញ្ចប់ទិដ្ឋាការ សិទ្ធិស្នាក់នៅ និងដំណើរការចូលសញ្ជាតិសម្រាប់អ្នកដែលបំផ្លាញទង់ជាតិផងដែរ។
សូមរម្លឹកថា តុលាការកំពូលអាមេរិកកាលពីឆ្នាំ១៩៨៩ បានលើកឡើងថា ការដុត ឬបំផ្លាញទង់ជាតិរបស់ប្រទេស ត្រូវតែទទួលបាននូវការការពារ ព្រោះវាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ដោយឡែកមូលនិធិក្រុមសេរីភាពនៃការបញ្ចេញមតិសម្រាប់សិទ្ធិបុគ្គល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានថ្កោលទោសបទបញ្ជារបស់លោកប្រធានាធិបតី Trump។
ពួកគេបានបញ្ចេញមតិយ៉ាងដូច្នេះថា អ្នកមិនចាំបាច់ត្រូវដុតទង់ជាតិទេ ប៉ុន្តែអ្នកអាចថ្កោលទោស ឬជជែកវែកញែកតវ៉ា និងលើកទង់ជាតិក្នុងដៃរបស់អ្នកកាន់តែខ្ពស់។ ខ្លឹមសារនៃការបញ្ចេញមតិដោយសេរី គឺថាអ្នកត្រូវបញ្ចេញមតិរបស់អ្នក ទោះបីជាអ្នកដ៏ទៃមិនចូលចិត្តអ្វីដែលអ្នកត្រូវនិយាយក៏ដោយ។
យ៉ាងណា បទបញ្ជារបស់លោកប្រធានាធិបតី Trump ដែលទើបតែស៊ីញ៉េនេះ នឹងបង្គាប់ឱ្យរដ្ឋអាជ្ញាកាត់ទោសឲ្យបានខ្លាំងលើជនទាំងឡាយណាដែលបំពានច្បាប់បំផ្លាញទង់ជាតិ និងបន្តការជម្រះក្តី ដើម្បីបញ្ជាក់ច្បាស់ពីវិសាលភាពនៃវិសោធនកម្មទី១ ទាក់ទងនឹងបញ្ហានេះ។ វិសោធនកម្មទី១ នៃរដ្ឋធម្មនុញ្ញអាមេរិក ការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
