សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ទទួលបានការគាំទ្រលើការបណ្តុះបណ្តាលជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលនៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
គោលបំណង នៃជំនួបគឺ ទី១ បង្ហាញពីចក្ខុវិស័យ សមិទ្ធផល និងទិសដៅបន្តការងាររបស់ JCI Cambodia ដែលបានសម្រេច នាពេលកន្លងមក រួមមានការចូលរួមការងារសង្គមផ្សេងៗ អភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេសចូលរួមក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាព ដល់ពលរដ្ឋសកម្មវ័យក្មេងនៅកម្ពុជា និងទី២ ស្នើសុំនូវការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសផ្តល់សិទ្ធិអំណាចដល់យុវជន តាមរយៈការចូលរួមការងារសង្គម ការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ដែលមានបណ្ដាញក្រុមហ៊ុនច្រើនជាសមាជិកជួយផ្សព្វផ្សាយ និងបង្កើនឱកាសការងារជូនដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ JCI Cambodia ក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងគាំទ្រដល់ការបោះជំហានទៅមុខ នៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំង រវាងក្រសួង និង JCI Cambodia។
ជាការឆ្លើយតប លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា បានថ្លែង អំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី ដែលផ្ដល់នូវការគាំទ្រលើកិច្ចសហប្រតិបត្តិការនានា ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររបស់លោក បន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាពដោយផ្ដោតលើកម្រិតវិទ្យាល័យ ដើម្បីចូលរួមការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅជួយលើកស្ទួយការផលិត ផលិតផលក្នុងស្រុក និងបង្កើនឱកាសទទួលបានការងារ៕
ដោយ៖ង៉ាន់ ទិត្យ







