ពិភពលោកថ្កោលទោសអ៊ីស្រាអែល ក្រោយវាយប្រហារលើមន្ទីរពេទ្យហ្កាហ្សា
អ.ស.ប ៖ មេដឹកនាំពិភពលោក រួមទាំងប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំង ចំពោះការវាយប្រហារលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើន។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ីស្រាអែល ក្រៅពីបានសម្លាប់ជនស៊ីវិល ក៏រួមមានទាំងបុគ្គលិកពេទ្យ និងអ្នកកាសែតផងដែរ។
លោកថា ការសម្លាប់ដ៏គួរឱ្យរន្ធត់ចុងក្រោយនេះបង្ហាញពីហានិភ័យយ៉ាងខ្លាំង ដែលបុគ្គលិកពេទ្យ និងអ្នកកាសែតប្រឈមមុខ នៅពេលពួកគេបំពេញការងារសំខាន់របស់ពួកគេ ចំពេលមានជម្លោះដ៏ឃោរឃៅនេះ។
បើតាមការព្រមានរបស់លោកប្រមុខយូអិន ជនស៊ីវិល រួមទាំងបុគ្គលិកពេទ្យ និងអ្នកសារព័ត៌មាន ត្រូវតែទទួលបាននូវគោរព និងការការពារគ្រប់ពេលវេលា ហើយលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតភ្លាមៗ និងគ្មានភាពលំអៀងទាក់ទិននឹងការវាយប្រហារចុងក្រោយនេះ។
បន្ថែមលើនេះ លោកអគ្គលេខាធិការ Guterres ក៏បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ លំហូរមនុស្សធម៌ទៅកាន់ទីតាំងទូទាំងតំបន់ហ្កាហ្សា និងដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា