សារធាតុញៀនជាង ៦គីឡូក្រាម និងកញ្ឆាជាង ១ពាន់ដើម ត្រូវបានដុតបំផ្លាញចោល ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន នៅខេត្តក្រចេះ
(ខេត្តក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ ដុតបំផ្លាញគ្រឿងញៀនជាង ៦គីឡូក្រាម និងដើមកញ្ឆាជាង ១ពាន់ដើម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
ពិធីនេះធ្វើឡើងក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ ដោយមានការចូលរួមពី មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ ។
សារធាតុញៀនដែលត្រូវបានដុតបំផ្លាញចោលនាពេលនោះ រួមមាន៖ គ្រឿងញៀនទម្ងន់ ២ពាន់ ៤៨១ក្រាម, កញ្ជាក្រៀមទម្ងន់ ៣ពាន់ ៩១០ក្រាម គ្រាប់ពូជកញ្ជាទម្ងន់ ១៣៣ក្រាម និងដើមកញ្ជាស្រស់ ១ពាន់ ៤០០ដើម ផងដែរ។
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យក ប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ជាពិសេសការអនុវត្តផែនការ ស្តីពីគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១។
ឯកឧត្តមអភិបាលខេត្តក្រចេះ បានបន្តទៀតថា មន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលការងារផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនធ្វើបានច្រើន។
លោកអភិបាលខេត្ត ក៏បានថ្លែង សង្កត់ធ្ងន់ថា «ជនល្មើសដែលត្រូវបានផ្តន្ទាទោសរួចរាល់ហើយ នៅពេលដែលចេញពីពន្ធនាគារមកវិញ ភាគច្រើនមិនមានការរាងចាល នៅតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនឡើងវិញដដែល។ លោកបន្តថា បទល្មើសជួញដូរគ្រឿងញៀនតូចតាចនៅក្នុងមូលដ្ឋាន ហាក់នៅមិនទាន់មានការថមថយនៅឡើយ និងការប្រើប្រាស់គ្រឿងញៀន ដោយបំពានបានជ្រួតជ្រាបដល់ស្រទាប់យុវវ័យ និងរីករាលដាល ទៅដល់តំបន់ជនបទដាច់ស្រយាល» ផងដែរ។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានលើកឡើង ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។ លោកថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៩២ករណី ដោយក្នុងនោះ ចាប់ខ្លួនជនសង្ស័យ ១៥៦នាក់ ស្រី៧នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបន្តថា ក្រៅពីនេះដកហូតបានសម្ភារ ដែលជាវត្ថុតាងជាច្រើន មានដូចជា៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៦០០កញ្ចប់ មានទម្ងន់១ពាន់ ៧៨៣ក្រាម, សារធាតុមិនច្បាស់លាស់ ១កញ្ចប់ ទម្ងន់ស្មើ ១,៨៧ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១៨គ្រឿង, ម៉ូតូ ៥៨គ្រឿង, ទូរស័ព្ទ ១២៨គ្រឿង និងសម្ភារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀតផងដែរ៕







ដោយ ៖ឡុង សំបូរ