កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) រវាង យោធ ភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ សម្រេចលទ្ធផល ១១ ចំណុច
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ខេត្តស៊ីសាកេត ព្រះរាជាណាចក្រថៃ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះ ត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតភ្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និង សហប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ។
កិច្ចប្រជុំនេះ មានគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយ ភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយ ភាពខុសគ្នាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។
ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន ១១ចំណុច ដូចខាងក្រោម៖
១. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃ កិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
២. ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់ យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង បន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
៣. ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការ ជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។
៤. ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុ របស់ទាហាន ឬប្រជាជន ដែលអាចនាំឱ្យមានភាពតានតឹង ដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហាន ដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
៥. រាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ ឬការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្តទៅបាន ដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នា ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និង កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វិធានការនេះមានគោលបំណងលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្ត ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
៦. តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាព ដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ។
៧. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នា បញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់របស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបាន ព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។
៨. ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បី ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំង ឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ បន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ក្នុងអំឡុងពេលអន្តរកាល មុនការបង្កើត ក្រុមការងារសម្របសម្រួល (CG) មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ រួមបញ្ចូលទាំងអង្គភាពសម្របសម្រួល ព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា នឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយ រាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។
៩. ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈ ក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គួរតែត្រូវ យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។
១០. ភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព និងឆាប់រហ័ស ចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែន ហើយបានយល់ព្រមបញ្ជូនបញ្ហាផ្សេងៗ ដែលមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទៅកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬយន្តការសមស្របផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
១១. កាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នឹងត្រូវធ្វើឡើង នៅក្នុងរយៈពេល ១ខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕




ដោយ ៖ វណ្ណលុក