មន្ត្រីនគរបាល ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាល ត្រូវបម្រើជាតិមាតុភូមិ និងពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

(កំពង់ស្ពឺ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីនគរបាល ដែល​ទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ត្រូវបម្រើជាតិមាតុភូមិ និងប្រជាពល​រដ្ឋ ប្រកបដោយភាពស្មោះត្រង់ ។ ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់សិស្សនគរបាល ជ័យលាភីចំនួន ៣១៧នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ នាថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០២៥ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ កំណែ​ទម្រង់នគរបាលជាតិ ដោយក្នុងនោះ ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភ និង​ផ្ដល់​អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាង​ធនធាន​មនុស្ស ផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់ និងលុបឈ្មោះ បណ្តេញ​ចេញមន្ត្រីនគរបាល ដែលល្មើសវិន័យ និងប្រព្រឹត្តប្រាស់ចាកពីច្បាប់រដ្ឋ ។

ឯកឧត្តម ទូច វិសាលសុខ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ ត្រូវធ្វើការជ្រើសរើសមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ៣ប្រភេទជារៀងរាល់ឆ្នាំ ដើម្បីបំពេញជួសមន្រ្តី ឬគ្រូនគរបាលជាតិដែលចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញ ដូចខាងក្រោម៖

ប្រភេទទី១៖ ជ្រើសរើសមន្ត្រីនគរបាលជាតិ ដែលត្រូវបំពេញការងារ នៅតាម​អង្គ​ភាពជំនាញនានា ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវឆ្លងកាត់ វគ្គ​បណ្ដុះ​បណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល ៤ខែ ។

ប្រភេទទី២៖ ការជ្រើសរើសឱ្យចូលបម្រើការងារជាគ្រូនគរបាលជាតិ ដោយ​ធ្វើការ​បណ្ដុះបណ្ដាលក្នុងរយៈពេលកំណត់មួយ ដើម្បីឱ្យក្លាយជា គ្រូនគរបាលជាតិ​បន្ត​វេនជំនាញនគរបាល និងត្រូវឆ្លងកាត់វគ្គគរុកោសល្យ បន្ថែមទៀត ។

ប្រភេទទី៣៖ ការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជារៀងរាល់ឆ្នាំ តាមរយៈការប្រឡងប្រជែង ដែលត្រូវសិក្សារយៈពេល ៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។

ទន្ទឹមនិងការលើកឡើងនេះ ឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តម អភិសន្តិ​បណ្ឌិត បានថ្លែងការកោតសរសើរដល់ប្អូនៗជាមន្ត្រីនគរបាល ជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើ ឱ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់ តែទូលំទូលាយបន្ថែម​ទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរ ជូនជាតិ និងប្រជាពលរដ្ឋ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner