មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ÷អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ

(កំពត)៖ អាជ្ញាធរក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត ត្រូវរួមគ្នាពង្រឹងគ្រប់គ្រងការងារ​ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីផ្តល់ភាពសុខសាន្តជូនដល់ពលរដ្ឋដោយមានការផ្សព្វ​ផ្សា​យ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ពិសេសពង្រឹង​ការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ក្នុងន័យដើម្បីដាក់ចេញនូវវិធានការនានា បង្ការទប់ស្កាត់ ឲ្យទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ង បង្ករ ឲ្យមានភាព​អសន្តិ​សុខ​ក្នុងសង្គម ខណៈខេត្តកំពត ទទួលបានលទ្ធផលល្អប្រសើរកន្លងមក។

នេះជាប្រសាសន៍របស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ​ក្រសួង​មហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ ឯក ឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង​អភិ​បាល​រង នៃគណៈអភិបាលខេត្ត កំពតនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅ​សាលាខេត្តកំពត ។

ឯកឧត្តមសន្តិបណ្ឌិត បានកោតសរសើរចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលសម្រេចបាននូវលទ្ធផល និងការអិវឌ្ឍ​ជាច្រើន ដែលទាំងនេះជាសាក្ខីកម្មនៃការយកចិត្តទុកដាក់អនុវត្តន៍នូវ​កម្មវិធី​នយោ​បា​យ និងយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញ​ល្បឿន​នៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឈ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូល​ខ្ពស់​ក្នុងឆ្នាំ២០៥០។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បញ្ជាក់ដែរថា បច្ចុប្បន្នសភាព​ នៅ​តាមព្រំដែន​កម្ពុជា ថៃ នៅតែមានការយ៉ាយី និងឈ្លានពានពីសំណាក់ប្រទេសថៃមកលើទឹកដី​កម្ពុជា ហើយបញ្ហាទាំងនេះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​​កម្ពុជា រួមជាមួយនឹងក្រសួងពាក់ព័ន្ធបាននឹងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីបញ្ចប់​ជម្លោះនេះដោយសន្តិវិធី ហើយក្នុងដំណាក់កាលនេះយើងទាំងអស់គ្នាត្រូវ​មានភាព​អត់ធ្មត់ខ្ពស់ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ។ សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំង លោក កើត ឆែ ជាអភិបាល​រង​ខេត្តកំពត៕

ដោយ ៖ សិលា សារិន

ads banner