ក្រសួងបរិស្ថាន អរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធបានចូលរួម លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនកាន់តែស្រស់ស្អាត មានអនាម័យ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអរព្រះគុណ និងអររគុណ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ចូលរួមបណ្តុះ និងចែកកូនឈើ់ យកទៅដាំដើម្បីបង្កើនគម្របបៃតង និងការរៀបចំលើកកម្ពស់ជីវភាពសហគមន៍ឱ្យមានភាពប្រសើរជាងមុន ។

ការថ្លែងឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា កត្តារួមសាមគ្គីពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងជាពិសេស ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរដល់ អ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បន្តរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ ទប់ស្កាត់ការបំពុលបរិស្ថាន លើទឹក លើដី និងខ្យល់ ដើម្បីជំរុញឱ្យសង្គមកម្ពុជាស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។

សូមបញ្ជាក់ថា រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១១លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបានជាង ៦លានអង្គ/នាក់។ នៅក្នុងទិសដៅបន្ត ក្រសួអបរិស្ថាន ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
ដោយឡែក ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៥ បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ តាមរយៈយុទ្ធនាការពន្លកបៃតង ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ២,៧លានដើម ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន, និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ នៅក្នុងទិសដៅបន្ត ក្រសួអបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ សមត្ថភាពមន្រ្តី ការតាមដាន ស្រាវជ្រាវ និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវបន្ថែមទៀត៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
