រញ្ជួយដី ២លើក វាយប្រហារភាគខាងជើង ប្រទេសថៃ
បាងកក៖ ការរញ្ជួយដី កម្រិតស្រាល ចំនួនពីរលើក បានវាយប្រហារ ផ្ទួនៗ នៅក្នុងខេត្ត នាភាគខាងជើង ប្រទេសថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ។
នាយកដ្ឋាន អង្កេតការរញ្ជួយដី ថៃ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ១.៥ រ៉ិចទ័រ បានកើតឡើង នៅម៉ោង ១.៤០នាទី រំលងអធ្រាត ឈានចូលដល់ថ្ងៃពុធនេះ មានជម្រៅ ៣គីឡូម៉ែត្រ នៅភូមិ Tambon Thanthong ស្រុក Phan ខេត្ត Chiang Rai។
៤នាទី ក្រោយមក ពោលគឺ នៅម៉ោង ១.៤៤ព្រឹក គ្រោះរញ្ជួយដីកម្រិត ២.៤ រិចទ័រ បានវាយប្រហារ ជម្រៅ៣គីឡូម៉ែត្រ នៅភូមិ Tambon Mae Hi ស្រុក Pai ខេត្ត Mae Hong Son។
គួរឲ្យដឹងដែរថា ថៃ បានកើតមានការញ្ជួយដី ជាញឹកញាប់ នៅឆ្នាំ២០២៥នេះ ក្នុងនោះ កាលពីខែមីនា មានការរញ្ជួយ បាក់ស្រុតអគារ ស្លាប់មនុស្ស ៥០នាក់ នៅទីក្រុង បាងកក។ បន្តរហូត មកដល់ខែមេសា, ខែកក្កដា និង ខែសីហានេះ ក៏ កើតមានរញ្ជួយដី បន្តបន្ទាប់ទៀត ប៉ុន្តែ ស្ថិតក្នុងកម្រិតស្រាលៗ។
ការរញ្ជួយដីចុងក្រោយនេះ បានកើតមានឡើង ស្របពេលប្រទេសថៃ កំពុងរងការវាយប្រហារ ពីព្យុះទីហ្វុង Kajiki ក្នុងនោះ មានទាំងការបាក់ដី ស្លាប់មនុស្ស ចំនួន២នាក់, បាត់ខ្លួនម្នាក់ និង របួសរាប់សិបនាក់ ផ្សេងទៀត នៅខេត្តឈៀងម៉ៃ៕
ប្រភព៖ The Nation, The Star ប្រែសម្រួល៖ សារ៉ាត