ព្រះរាជអំណោយផ្ទាល់ ហ្លួងម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រោសព្រះរាជទាន និងឧបត្ថម្ភជូនដល់វីរៈកងទ័ពកម្ពុជា នៅខេត្តព្រះវិហារ

(ភ្នំពេញ)៖ ក្រោមព្រះហឫទ័យគិតគូរ និងខ្វាយខ្វល់ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ព្រះរាជអំណោយ និងអំណោយដ៏ថ្លៃថ្លាជា ម៉ូតូ ភេសជ្ជៈបាកាស និងថវិកា ឧបត្ថម្ភជូនដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន នៅខេត្តព្រះវិហារ។

ពិធីប្រគល់-ទទួលព្រះរាជអំណោយ និងអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមាន ឯកឧត្តម យូ ឡាណា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ឯកឧត្តម ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស, សប្បុរសជន, និងតំណាងវីរៈកងទ័ពកម្ពុជាមកពីបណ្តាកងអង្គភាពនានា និងគ្រួសារកងទ័ពដែលកំពុងភៀសសឹកចំនួន ៥០គ្រួសារ អញ្ជើញចូលរួមផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត និងតំណាងឱ្យវីរៈកងទ័ពទាំងអស់ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរព្រះរាជគុណ និងអរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកព្រះទ័យ និងទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ គិតគូរចំពោះសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជារបស់យើងជាប់ជាប្រចាំ បើទោះបីជាមិនបានយាង/អញ្ជើញដោយផ្ទាល់ក៏ដោយ។

ឯកឧត្តម បានថ្វាយព្រះរាជសព្ទសាធុការពរថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រខ្មែរជាយូរអង្វែងតទៅ។

ឯកឧត្តម យូ ឡាណា ក៏បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេសថ្លែងអំណរគុណនិងកោតសរសើរចំពោះវីរៈកងទ័ពកម្ពុជាទាំងអស់ ដែលបានលះបង់ បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជូនពរដល់វីរៈកងទ័ពយើងសូមមានសុខភាពល្អ មានសុខវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ជូនថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម សម្តេចព្រះវររាជមាតាជាតិខ្មែរ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនកងទ័ពមូលដ្ឋាននៅខេត្តព្រះវិហារ ចំនួន ៨ អង្គភាព ក្នុងនោះប្រគល់ជូន កងពលធំ លេខ៣ ម៉ូតូ ១គ្រឿង, មួកសុវត្ថិភាព ២, ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល, ជូនកងពលតូច លេខ៧ ម៉ូតូ ១គ្រឿង, មួកសុវត្ថិភាព ២, ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល, ជូនកងពលតូច លេខ៨ ម៉ូតូ ១គ្រឿង, មួកសុវត្ថិភាព ២, ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល, ជូនកងពលតូច លេខ៩ ម៉ូតូ ១គ្រឿង, មួកសុវត្ថិភាព ២, ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល, ជូនយោធាខេត្តព្រះវិហារ ម៉ូតូ ១គ្រឿង, មួកសុវត្ថិភាព ២, ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល, ជូនអាវុធហត្ថខេត្តព្រះវិហារ ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល, ជូននគរបាលខេត្តព្រះវិហារភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល និងជូននគរបាលព្រំដែន ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល។ ដោយឡែក ប្រគល់ជូនកងទ័ពអន្តរាគមន៍ចំនួន ១២អង្គភាពផ្សេងៗទៀត ដោយក្នុងអង្គភាពនីមួយៗទទួលបាន ភេសជ្ជៈបាកាស ១០០កេស និងថវិកា ៥លានរៀល ។

សូមជម្រាបជូនថា ម៉ូតូចំនួន ៥គ្រឿង មួកសុវត្ថិភាពចំនួន ១០មួក និងភេសជ្ជៈបាកាស ២.០០០កេស គឺជាការឧបត្ថម្ភពីសំណាក់ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និងលោកជំទាវ ស៊ីម សុនិមល ដែលបានថ្វាយចំពោះសម្តេចព្រះវររាជមាតាជាតិខ្មែរ និងជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីពេលកន្លងទៅថ្មីៗនេះ។

បន្ទាប់ពីកម្មវិធីប្រគល់-ទទួលព្រះរាជអំណោយ និងអំណោយខាងលើនេះ គណៈអធិបតីក៏បានជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់គ្រួសារកងទ័ពដែលកំពុងភៀសសឹកចំនួន ៥០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួនផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner