ឥណ្ឌូណេស៊ីគ្រោងលែងពស់ ១ ម៉ឺនក្បាល ដើម្បីការពារកណ្តុរមិនឲ្យចូលបំផ្លាញស្រូវកសិករ

ហ្សាកាតា ៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅខេត្ត Indramayu Regency នៃកោះជ្វាខាងលិច មានផែនការប្រលែងសត្វពស់គ្មានពិសចំនួន ១០.០០០ក្បាលចូលទៅក្នុងស្រែ ដើម្បីស៊ី និងការពារសត្វកណ្តុរចូលបំផ្លាញផលដំណាំស្រូវរបស់កសិករ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Star កាលពីថ្ងៃអង្គារ។

ពស់គ្មានពិសនៅឥណ្ឌូណេស៊ី ដែលគេស្គាល់ថា ‘koros’ និង ‘lanang sapi’ គឺជាពស់មួយប្រភេទមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ហើយពួកវានឹងតជាអ្នកការពារផង និងជីធម្មជាតិផង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។

ចៅហ្វាយខេត្ត Indramayu Regency លោក Lucky Hakim នឹងដឹកនាំផែនការដោះលែងសត្វពស់រាប់រយក្បាល ស្ថិតក្រោមកម្មវិធី “Snakes: Farmers’ Friends” ឬសត្វពស់ជាមិត្តកសិករ នៅក្នុងស្រុក ស៊ីនដាង នៅថ្ងៃសៅរ៍សប្តាហ៍នេះ។

លោក Hakim បាននិយាយការពារការសម្រេចចិត្តធ្វើបែបនេះថា ពស់គ្មានពិសនឹងជួយកាត់បន្ថយកណ្ដុរនៅតាមវាលស្រែយ៉ាងមានប្រសិទ្ធភាព ពិសេសការពារការប្រមូលផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែអាជ្ញាធរក៏បានផ្តល់ការណែនាំដល់កសិករ អំពីវិធីសាស្រ្តដោះស្រាយជាមួយសត្វពស់ទាំងនោះផងដែរ។

គួរកត់សម្គាល់ តំបន់ប្រមូលផលស្រូវនៅខេត្ត Indramayu ដែលជាតំបន់ផលិតស្រូវធំបំផុតមួយនៃកោះជ្វាខាងលិច មានផ្ទៃដីទំហំ ២១២.២៩៧ហិកតាកាលពីឆ្នាំមុន។ កសិករឥណ្ឌូណេស៊ីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ បន្ទាប់ពីបានសិក្សាអំពីអត្ថប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី ពិសេសសត្វកណ្តុរបំផ្លាញផលដំណាំនៅតែជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងតំបន់៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner