អភិបាលខេត្តស្វាយរៀង អញ្ជើញបើកវិញ្ញាសាប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយ​ភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ បានអញ្ជើញ​បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ​ស្វាយ​រៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីបើកវិញ្ញាសានេះ ក៏មានការចូលរួមអមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង​ស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើ​ពុករលួយផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗ​ជាបេក្ខជនប្រឡងទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់​លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការ​ប្រឡង និងសូមជូនពរដល់បេក្ខជនប្រឡងទាំងអស់ឲ្យប្រឡងជាប់គ្រប់ៗគ្នា និង​ទទួល​បាននិទ្ទេសល្អ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់​ជូនបេក្ខជនដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។ 

ឯកឧត្តម អភិបាលខេត្តបានបន្តថា ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់​ក្នុងពេល​ប្រឡងនេះដែរ អាជ្ញាធរខេត្តបានរៀបចំកម្លាំងគ្រប់មណ្ឌលប្រឡងទាំងអស់ ដើម្បី​ការពារសុខសុវត្ថិភាពដល់សិស្សានុសិស្ស ពិសេសផ្លូវជាតិលេខ១​ដែលមានរថយន្ត​ឆ្លងកាត់ច្រើន ដូច្នេះកម្លាំងសមត្ថកិច្ចយើងបានដាក់បារ៉ាសតាមផ្លូវសំខាន់ៗ ដើម្បី​បញ្ជៀសការស្ទះចរាចរណ៍ផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ឆ្នាំ២០២៤.២០២៥នេះ មានការចុះឈ្មោះដាក់ពាក្យសុំប្រឡងសញ្ញាបត្រ​មានបេក្ខជនសរុបរួម ៤៩៥២ នាក់ ស្រី២៦៤៩ នាក់ ស្មើនឹង ១៩៩ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រ បេក្ខជន៖ ១១៧២ នាក់ ស្រី ៧២២ នាក់ស្មើនឹង ៤៧ បន្ទប់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមបេក្ខជន៖ ៣៧៨០ នាក់ ស្រី ១៩២៧ នាក់ ស្មើនឹង ១៥២ បន្ទប់ ។

ក្នុងនោះ បេក្ខជននៅសល់ជាក់ស្តែងក្រោយដកបេក្ខភាព មានបេក្ខជនសរុបរួម ៤៨៨២ នាក់ ស្រី ២៦៣៤ នាក់ ស្មើនឹង១៩៦ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យា​សាស្ត្រ​មានបេក្ខជន ១១៦៣ នាក់ ស្រី ៧១៩ នាក់ស្មើនឹង ៤៧ បន្ទប់ ។ ថ្នាក់វិទ្យា​សាស្ត្រ​សង្គមមានបេក្ខជន ៣៧១៩ នាក់ ស្រី១៩១៥នាក់ ស្មើនឹង១៤៩បន្ទប់។

ចំណែកមណ្ឌលសម្រាប់ការប្រឡងមានចំនួន៨ មណ្ឌលរួមមាន៖ មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន២ មណ្ឌល ស្មើនិងចំនួន៤៧បន្ទប់។ មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន៦ មណ្ឌល ស្មើនិងចំនួន១៨៩ បន្ទប់។ ចំពោះមណ្ឌលសម្រាប់ដំណើរការប្រឡងសំណេរទាំង៨គឺ មានចំនួន៧មណ្ឌល​ស្ថិតក្នុងក្រុងស្វាយរៀង រីឯ១ មណ្ឌលទៀតស្ថិតនៅទីរួមស្រុកស្វាយជ្រំ។ មណ្ឌលនីមួយៗត្រូវធានាឲ្យមានបរិស្ថានក្នុង និងក្រៅមណ្ឌលល្អមានរបងក្លោងទ្វារ បិទបើកសុវត្ថិភាព មានកន្លែងផ្ញើរមធ្យោបាយសមរម្យ មានដើមឈើជ្រកម្លប់ផងដែរ។

សម្រាប់តាមអគារនីមួយៗ រៀបចំតុ កៅអីចំនួន២៥ក្នុងមួយបន្ទប់ ក្តារខៀនគ្មានស្នាមឆ្នូត ទ្វារ បង្អួច ដំបូល គត់មុត មានអំពូលភ្លើង កង្ហា ក្នុងបន្ទប់ប្រឡង ។ រៀបចំបន្ទប់ទឹកឲ្យមានអនាម័យ មានទឹកគ្រប់គ្រាន់ ត្រៀមឧបករណ៍បំពងសំឡេងឲ្យឮច្បាស់ ។ ដូច្នេះមណ្ឌលទាំង ៨ នឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបដោយរលូន៕

នុត នាង

ads banner