ក្រសួងដែនដី និងក្រសួងសាធារណការ រួមគ្នាពង្រឹងវិស័យសំណង់ ដើម្បីធានា​គុណ​ភាព សុវត្ថិភាព និងសោភណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ មន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និ​ង​សំ​ណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បានរួមសហការគ្នាក្នុងការពង្រឹងលើវិស័យសំណង់ ដើម្បីធានាបាន​នូវ​គុណ​ភាព សុវត្ថិភាព និងសោភណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា ។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និងដឹកជញ្ជូន សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលនេះ នឹងជួយឱ្យមន្ទីរពិសោធន៍សំណង់នៃក្រសួងទាំងពីរ កាន់តែត្រូវបានពង្រឹងស្តង់ដារ គុណភាព សុវត្ថិភាព សោភណភាព និងមានការកំណត់សម្ភារៈបរិក្ខារសំណង់ ឱ្យបានច្បាស់លាស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងអស់បន្ថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តដល់មហាជនទូទៅអាចទទួលយកបាន ។

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និង​សាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានធ្វើឡើង​នារសៀល​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​មានប្រសាសន៍បញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ គឺពិតជា​មានសារៈសំខាន់សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួង​សាធារណការ និងដឹកជញ្ជូន ដែលការងារនេះទាក់ទិនទៅនឹងយុទ្ធ​សាស្ត្ររួម​របស់​ក្រសួង ដែលបានដាក់ចេញគឺការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្នុងនោះគឺការធ្វើសមាហរណកម្មឱ្យត្រូវគ្នារវាងស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការចុះអនុស្សរណៈ​យោគ​យល់គ្នានាពេលនេះ ថាជាការដកនូវរបាំងការងារមួយដ៏ធំរវាងក្រសួងទាំងពីរ ដោយ​ជំនួសមកវិញនូវរបៀបរបបការងាររួម ដោយស្ថាប័ននីមួយៗទទួលខុសត្រូវរៀងៗខ្លួន ប៉ុន្តែវាធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុនដល់អតិថិជនរបស់ខ្លួន ។ ជាមួយ​នេះ​ក្រសួងទាំងពីរនឹងកំណត់ស្តង់ដារួមពីសំណង់សាធារណៈ និងសំណង់ស៊ីវិល និងឈានទៅកសាងលិខិតបទដ្ឋានគតិយុត្តិរួម ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កន្លងមកមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានខិតខំធ្វើយ៉ាងណា​ដើម្បី​ស្ថាបនា​ផ្លូវឱ្យមានស្តង់ដារគុណភាព និងមានការទទួលស្គាល់ពីស្ថាប័ន និងវិស័យ​ឯកជន ។

តាមរយៈកិច្ចសហប្រតិបត្តិការនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា ពិតជានឹងជួយ​ឱ្យមន្ទីរពិសោធន៍សំណង់នៃក្រសួងទាំងពីរ កាន់តែត្រូវបានពង្រឹងស្តង់ដារ គុណភាព សុវត្ថិភាព សោភណភាព និងមានការកំណត់សម្ភារៈបរិក្ខារសំណង់ ឱ្យបានច្បាស់​លាស់​លើសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងអស់បន្ថែមទៀត ដើម្បីបង្កើនជំនឿ​ទុកចិត្តដល់មហាជនទូទៅអាចទទួលយកបាន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner