ជប៉ុន ប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាមតែអាចធ្វើទៅបាន ដើម្បីគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និង ថៃ

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ ជប៉ុនបានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការតាមតែអាចធ្វើទៅបាន ដើម្បីគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ ការបង្ហាញពីបំណងនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ និងឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ជំនួបនេះ បានធ្វើឡើងក្នុងខណៈដែល ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ដោយបាន និងកំពុងជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំង៣ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។

ក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង ឯកអគ្គរាជទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់រួមគ្នា អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព និងការធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពវិញ តាមរយៈការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ការខិតខំរក្សាភាពអត់ធ្មត់ ការបន្តទំនាក់ទំនងនៅគ្រប់កម្រិត ការពិនិត្យលទ្ធភាពបោសសំអាតមីនមនុស្សធម៌ និងការបើកច្រកព្រំដែនឡើងវិញ ។ បន្ថែមពីនោះភាគីទាំងពីរ នៅបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាកម្ពុជា និងជប៉ុន រួមមានវិស័យកិច្ចសហប្រតិ បត្តិការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការសម្អាតមីន និងសំណល់គ្រាប់មិនទាន់ផ្ទុះទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបន្តចំណែក និងគាំទ្រ ដល់បុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងជំនួសមនុស្សធម៌ ដល់ជនភៀសសឹកតាមបណ្តោយព្រំដែននៅពេលនេះ ។

សូមបញ្ជាក់ថា ជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឥតសំណង សរុបប្រមណ ១,៨លានដុល្លារអាមេរិក ក្រោយមើលឃើញពីផលប៉ះពាល់ និងទំហំនៃការខូចខាតធ្ងន់ធ្ងរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចសហប្រតិបត្តិការការអនុវត្តនូវជំនួយមនុស្សធម៌នោះ មានដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner