បេក្ខជនប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១ អវត្តមាន ១៧៨៨នាក់ ក្នុងនេះបេក្ខជន ស្វ័យរិន អវត្តមានចំនួន ១៤៦៣នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំបានឱ្យដឹងថាមានបេក្ខជនអវត្តមានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបព្រឹកថ្ងៃទី១ សរុបចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង ១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន ១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន ៣២៥នាក់ (ស្រី១៤៩នាក់)
បើតាមក្រសួងអប់រំបានឱ្យដឹងថាក្រៅពីអនុវត្តមានក្នុងការប្រឡង បេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ បេក្ខជនដែលអាចប្រឡងបន្តមានចំនួន៣៨នាក់ និង បោះបង់ការប្រឡង២នាក់
ក្រសួងបានឱ្យដឹងដែរថា តាមមណ្ឌលប្រឡងនីមួយៗ ដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗតាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ដោយឡែកសម្រាប់ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។
ប្រភពដដែលនេះបានឱ្យថា ដោយសារបញ្ហាព្រំដែន សម្រាប់បេក្ខជនមកពីខេត្តឧត្ដរមានជ័យ ត្រូវបានរៀបចំការប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដែលមានចំនួន៣មណ្ឌល សរុប៧២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ១៣បន្ទប់ វិទ្យាសាស្ត្រសង្គមចំនួន៥៩បន្ទប់។
ដោយឡែកសម្រាប់ការប្រឡងឆ្នាំនេះ មានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងសរុបចំនួន ៣១ ២០៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕




ដោយ ៖ ម៉ាដេប៉ូ