សម្តេចតេជោ និងសម្តេចធិបតី បានសាងសង់អគារសិក្សាថ្មីប្រមាណ ៤៥០០ខ្នង ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក បម្រើដល់ការសិក្សានៅទូទាំងប្រទេស
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសាងសង់អគារសិក្សាថ្មីៗបានសរុបប្រមាណ ៤ ៥០០ខ្នង ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដើម្បីបម្រើដល់ការសិក្សា របស់សិស្សានុសិស្សនៅទូទាំងប្រទេស និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកសាងធនធានមនុស្ស ឱ្យកាន់តែប្រសើរថែមទៀត ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី ២៨ សីហា ឆ្នាំ២០២៥ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារមានការយកចិត្តដល់ប្រព័ន្ធអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលា សម្តេចទាំងទ្វេរ បានសាងសង់អគារសិក្សា សរុបប្រមាណ ៤ ៥០០ ខ្នង ។ ប៉ុន្តែបើបូកជាមួយអគារសាងសង់ដោយក្រសួងអប់រំ និងអង្គការជាដៃគូនានា សរុបច្រើនជាងនេះ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ក្នុងការធ្វើកំណែទម្រង់សាលារៀននេះ ក្រសួង បានរៀបចំឱ្យមានសាលារៀនគំរូ ដោយយើងនឹងពង្រឹងឱ្យបានពី ៥០០ ទៅ១ ០០០សាលា នៅឆ្នាំ២០២៨ ។ ឯកឧត្តម បញ្ជាក់ថា ការបង្កើតសាលារៀនជំនាន់ថ្មី ចំនួន ១៤ សាលា បានផ្តល់នូវការអប់រំមួយមានគុណភាព ពិសេស សាលាជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ជាគុណភាពរបស់សិស្ស គឺត្រដំត្រសងជាមួយសិស្ស នៃសាលារដ្ឋនៃសិង្ហបុរីដែរ ព្រោះថា យើងមានការសហការជាមួយសិង្ហបុរី ឃើញថា ពេលខ្លះសិស្សរបស់យើងមានសមត្ថភាពខ្ពស់ជាងសិស្សសិង្ហបុរីទៀត ពិសេស សិស្សនារី ហើយសូម្បីតែការនិយាយភាសាអង់គ្លេសក៏ល្អផងដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះហើយ គឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ ទី៦ និងទី៧ ខណៈក្រសួងអប់រំ នឹងបន្តខិតខំប្រឹងប្រែងពង្រឹងទាំងគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ៕





អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ