អ្នកនាំពាក្យក្រសួងការពារជាតិ ៖ តាមបណ្តោយព្រំដែននៃទឹកដីកម្ពុជាគឺមានគ្រាប់មីនជាច្រើនដែលបន្សល់ ទុកពីសម័យសង្គ្រាមស៊ីវិល
(ភ្នំពេញ)៖ ប្រទេសកម្ពុជាធ្លាប់បានបញ្ជាក់ប្រាប់ដល់ភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែននៃទឹកដីកម្ពុជាគឺមានគ្រាប់មីនជាច្រើនដែលបន្សល់ ទុកពីសម័យសង្គ្រាមស៊ីវិល។ នេះគឺជាការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ក្រសួងការពារជាតិ កម្ពុជាសូមសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍នៃការផ្ទុះមីនដែលបណ្តាលឱ្យកងថៃរងរបួសកាលពីម្សិលមិញ និងបានគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនប្រើប្រាស់ និងមិនដាក់គ្រាប់មីនថ្មីឡើយ ព្រមទាំងបានប្រកាន់ខ្ជាប់នូវការគោរពចំពោះអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដែរថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តដោយខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមនឹងគោលការណ៍ឯកភាពទាំង ១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាសូមឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការទូទៅដែលថាភាគីទាំងពីរបានព្រម ព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត