បេក្ខជនប្រឡងបាក់ឌុបវ័យ៦៤ ឆ្នាំ និងបេក្ខជនមានបញ្ហាសុខភាព៤នាក់បន្តការប្រឡងដដែល
ភ្នំពេញ៖ការប្រឡងបាក់ឌុបសម័យប្រឡង៖២៨សីហានៅខេត្តបន្ទាយមានជ័យ មានបេក្ខជនមួយរូបមានវ័យ ៦៤ឆ្នាំ នៅតែរក្សាភាពក្លាហានចូលរួមប្រឡងនៅថ្ងៃដំបូងដោយទឹកមុខរីករាយ ខណៈ បេក្ខជនដែលមានបញ្ហាសុខភាពចំនួន៤នាក់ផ្សេងទៀតក៏កំពុងបន្តការប្រឡងនៅរសៀលថ្ងៃទី២៨ ខែសីហា នេះ។
ក្រសួងអប់រំបានឱ្យដឹងថា ទោះបីជាស្ថិតក្នុងវ័យចំណាស់ និងមានបញ្ហាភ្នែក ប៉ុន្តែបេក្ខជនឈ្មោះ ឃឹម សាវ៉ាន់ មានតុលេខ២៣០ បន្ទប់លេខ១០ នៅមណ្ឌលប្រឡងអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យនៅតែបន្តការប្រឡងធម្មតាដូចបេក្ខជនដទៃទៀតដែរ។
ដោយឡែកករណីបេក្ខជន ៤រូប នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ដែលមានបញ្ហាសុខភាព ក៏បានមកបន្តប្រឡងនារសៀលថ្ងៃដំបូង នៃការប្រឡងនេះដែរ ក្រោមការសម្របសម្រួល និងជួយពីគណៈមេប្រយោគ និងក្រុមគ្រូពេទ្រប្រចាំការ។
សូមជម្រាបថា សម្រាប់រសៀលថ្ងៃទី១ នៃដំណើរការសំណេរមាន វិញ្ញាសាគីមីវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្រ្ត) និងភូមិវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ដែលប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា សម្រាប់រាជធានី ខេត្ត ទូទាំងប្រទេស ដោយទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងទៀតផង៕

ដោយ៖ម៉ាដេប៉ូ