រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា
(ខេត្តកណ្តាល)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្រ្តីចត្តាឡីស័ក រួមទាំងឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។
គណ:ប្រតិភូបានធ្វើទស្សនកិច្ច ក្នុងបរិវេណនៃការចេញដំណើរ និងការមកដល់របស់អ្នកដំណើរ ជាពិសេស ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណ:ប្រតិភូបានពិនិត្យទីតាំង ដាក់ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យសុខភាព និងការពារ ការនាំចូលនៃជំងឺឆ្លងនានាជាយថាហេតុ។
ក្នុងឱកាសចុះពិនិត្យ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីចត្តាឡីស័ក ត្រូវរៀបចំលំហូនៃការងារចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយស្តង់ដារសាកល និងក្នុងករណីមានការសង្ស័យសញ្ញាណាមួយនោះក្រុមគ្រូពេទ្យក្នុងភារកិច្ច ត្រូវអនុវត្តវិធានការសុខាភិបាលភ្លាមៗ និងរៀបចំ ប្រព័ន្ធ បញ្ជូនបន្តទៅមន្ទីរពេទ្យជាតិបានទាន់ពេលវេលា។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ថា ការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិ គឺដើម្បីធានាឱ្យបានសុវត្ថិភាពសុខភាពសាធារណៈ និងពិសេសគិតគូអំពីបញ្ហាសុខភាព និងសុវត្ថិភាព ជូនដល់បងប្អូនអ្នកធ្វើដំណើរ និងបុគ្គលិកបម្រើការងារនៅក្នុងនោះ។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ តេជោ បានរៀបចំបានយ៉ាងល្អប្រណិត និងតាមលក្ខណៈស្តង់ដាអន្តរជាតិ ដែលនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ប្រកបដោយសុវត្ថិភាព និងផាសុខភាព ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ