ប្រធានរដ្ឋសភាកម្ពុជា ស្នើអាមេរិក បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា និង ថៃ ដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព

(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាតិទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និង ថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ បានជួយសង្រ្គោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំងងពីរ ។

សូមជម្រាបថា គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានអញ្ជើញមកពីគណបក្សទាំងពីររបស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ។

លោកជំទាវ បេត វ៉ាន់ ដាញ សមាជិកសភាសហរដ្ឋអាមេរិក បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជា នាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែម លើគ្រប់វិស័យ មានទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។

លោកជំទាវបានគូសបញ្ជាក់ថា មុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថាប្រជាពលរដ្ឋប្រទេសទាំងពីរត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាពដូចគ្នា ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា បានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ បានហែលឆ្លងទុក្ខវេទនា វិនាសកម្មពីសង្រ្គាមច្រើនណាស់មកហើយ ដូច្នេះមិនចង់ឃើញសង្គ្រាមទៀតឡើយ។ ដោយគិតគូរពីអាយុវជីវិតពលរដ្ឋ និង សុខសន្តិភាព ជាអាទិភាព គ្រាន់តែមានការឈ្លានពានពីប្រទេសថៃភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានសរសេរលិខិតសូមអន្តរាគមន៍ពី ឯកឧត្តមប្រធានាធិបតីអាមេរិក ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទាំងសងខាង។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តទាំងអស់ដែលបានចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែបទឈប់បាញ់ស្ថិតនៅក្នុងស្ថានភាពផុយស្រួច នៅឡើយ ដូច្នេះកម្ពុជាស្នើសុំសហរដ្ឋអាមេរិកបន្តចូលរួមនិងសង្កេតការណ៍ ក៏ដូចជាស្វែងរកការដោះស្រាយដោយសន្តិវិធី ជូនពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner