ខេត្តកែប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃថ្ងៃដំបូង ប្រព្រឹត្តទៅដោយរលូន
ខេត្តកែប៖ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុប នៅសាលាវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប។ស្ថានភាពទូទៅថ្ងៃប្រឡងថ្ងៃទី១ ទូទាំងខេត្តបានដំណើរការដោយរលូន។

ផ្តាំផ្ញើដល់បេក្ខជនប្រឡងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើដល់បេក្ខជនទាំងពីរភេទ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ដោយប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

នៅខេត្តកែបត្រូវបានជ្រើសរើសទីតាំងប្រឡងនៅសាលាវិទ្យាល័យប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ក្នុងនោះមាន មណ្ឌលប្រឡងចំនួន២ មណ្ឌល។ទី១ មណ្ឌលវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស(ខាងជើង) សម្រាប់ ថ្នាក់វិទ្យាសាស្រ្តសង្គម មានអគាមួយខ្នងស្មើ១៨បន្ទប់, ទី២ មណ្ឌលវិទ្យាល័យ ប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស (ត្បូង) សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានអគារមួយខ្នងស្មើចំនួន ២៤បន្ទប់។មណ្ឌលទាំង២នេះ មានទីតាំងស្ថិតនៅ ភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប៕
ដោយ៖ សិលា សារិន


