ឆ្នាំនេះខេត្តកំពង់ធំមានសិស្សប្រឡងបាក់ឌុបជាងប្រាំពាន់នាក់
កំពង់ធំ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡង៖២៨ សីហា
ខេត្តកំពង់ធំមាន១៣មណ្ឌលប្រឡង និងបេក្ខជនជាងប្រាំពាន់នាក់។ការប្រឡងពេញមួយថ្ងៃនៃថ្ងៃដំបូងបានប្រព្រឹត្តទៅដោយរលូន។

ដូចបណ្ដាខេត្តដទៃដែរ មណ្ឌលប្រឡងទាំងអស់ក្នុងខេត្តកំពង់ធំបានបើកដំណើរការនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីការអញ្ជើញចូលរួមបើកវិញ្ញាសាពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅវិទ្យាល័យកំពង់ធំ។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២៨សីហា ទូទាំងខេត្តកំពង់ធំ មាន១៣មណ្ឌលប្រឡងស្មើនឹង ២៣៤បន្ទប់ និងបេក្ខជនប្រឡងចំនួន ៥.៧៩៥ នាក់(ស្រី៣.៣១៩នាក់ )។ចំពោះវិញ្ញាសាប្រឡង មាន១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំ បានរំលឹកដល់បេក្ខជនទាំងអស់មុននឹងចាប់ផ្តើមសំណេរត្រូវតែមើល ប្រធានបទឱ្យច្បាស់ ឱ្យយល់ ។ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ៕
ដោយ៖ ប៊ុន រដ្ឋា


