គណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ឯកភាពគ្នា ដាក់ទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ូ ឃីនយី (U Khin Yi) ប្រធាន​គណបក្ស​សហភាពសាមគ្គី និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមក​បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានជួបប្រជុំទ្វេភាគីជាមួយ​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងបានជួបសម្តែង​ការគួរសមចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជា​ជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានទស្សនកិច្ច នៅវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់អំពីដំណើរការកសាង និងថែរក្សាសន្តិភាព និងគោលនយោបាយ ឈ្នះ-ឈ្នះរបស់កម្ពុជា។

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបជូន​គណៈប្រតិភូ អំពីប្រវត្តិ ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលរំដោះជាតិ ការកសាងនិងការការពារជាតិ ក៏ដូចជាការស្វែង​រកសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពី​សភាព​ការណ៍​របស់គណបក្ស និងប្រទេសនីមួយៗ និងបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ព្រមទាំងបានឯកភាពគ្នា ដាក់ចេញនូវទិសដៅកិច្ចសហ​ប្រតិបត្តិ​ការ​រវាងគណបក្សទាំងពីរ សម្រាប់ពេលអនាគត។

គណបក្សទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការ អន្តរគណបក្សនយោបាយ និងភាពជាដៃគូ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដោយ ផ្អែកលើគោល​ការណ៍សមភាព ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរ បាននិង​កំពុង​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត ដែលនឹងរួម​ចំណែកយ៉ាងសកម្មក្នុងការបន្ថែម សន្ទុះថ្មីដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ និងអាស៊ានផងដែរ។

តបតាមការអញ្ជើញរបស់ឯកឧត្តម អ៊ូ ឃីន យី ប្រធានគណបក្សសហភាពសាមគ្គី និង អភិវឌ្ឍន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា បានទទួលយកការអញ្ជើញ និងត្រៀមទស្សនកិច្ចនៅប្រទេស​មីយ៉ាន់ម៉ា តាមពេលវេលាសមស្រប៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner