ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងបាក់ឌុបរលូនល្អ និងបេក្ខជនអវត្តមានជិត ២ពាន់នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាក្នុងដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព មិនប្រក្រតី ណាមួយគួរឲ្យកត់សម្គាល់ឡើយ។
បើតាមក្រសួងអប់រំបានឱ្យដឹងដែរថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។
ក្រសួងថាបើទោះបីមានភ្លៀងធ្លាក់នៅរាជធានីខេត្តចំនួន៨ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ និងដោយអន្លើនៅខេត្តកំពង់ចាម ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ប្រភពខាងលើនេះបានឱ្យដឹងដែរថាសម្រាប់បេក្ខជន បានគោរពបទប្បញ្ញត្តិ នៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារចូលមណ្ឌលប្រឡងឡើយ តែមានករណីដកទូរសព្ទពីបេក្ខជនមានចំនួន១ករណីនៅក្នុងខេត្តសៀមរាប។ គណៈមេប្រយោគប្រព្រឹត្តបទល្មើស និងត្រូវបានធ្វើរបាយការណ៍ពិសេសចំនួន២ករណី។
ជាមួយគ្នានេះក្រសួងបានឱ្យដឹងដែរថាបើតាមរបាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៨១៣នាក់ (ស្រី៧២៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៨៣នាក់ (ស្រី៥៧៥នាក់) បេក្ខជនចំណេះទូទៅចំនួន៣៣០នាក់ (ស្រី១៥១នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព៨៥នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក ២៦នាក់ ហើយបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន២នាក់។ នៅថ្ងៃនេះបេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ៣៥នាក់។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕
ដោយ ៖ ម៉ាដេប៉ូ









