ប្រឡងបាក់ឌុបថ្ងៃទី១ បេក្ខជនមានបញ្ហាសុខភាពសរុបចំនួន ៨៥នាក់ ក្នុងនេះ បេក្ខជនបោះបង់ការប្រឡងដោយសារសុខភាព ២នាក់
(ភ្នំពេញ)៖ ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥នេះ បេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ៨៥នាក់ ក្នុងនេះដាក់ឱ្យប្រឡងដាច់ដោយឡែក២៦នាក់ ដោយស្ថិតក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ និងសម្រាប់បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន២នាក់។
យោងតាមក្រសួងអប់រំបានឱ្យដឹងថាក្នុងចំណោម បេក្ខជនដែលមានជំងឺនេះមានគ្រុនឈាមចំនួន ៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ។ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព៣៥នាក់។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥នេះដែរ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ៖ ម៉ាដេប៉ូ






