អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា មិនបានប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ​ ហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់

(ភ្នំពេញ)៖ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្ត​បទ​ឈប់​បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមាន​ប្រសាស​ន៍ថា ចំពោះឧប្បទ្ទវហេតុផ្ទុះមីនបណ្តាលអោយកងទ័ពថៃរងរបួស ក្រសួង​ការពារ​ជាតិ សូមគូសបញ្ជាក់សារជាថ្មីថា កម្ពុជា មិនបានប្រើប្រាស់ និងមិនបានដាក់​គ្រាប់​មីនថ្មី​ឡើយ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពអនុសញ្ញាអូតាវ៉ាដែលកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា កម្ពុជា​ក៏ធ្លាប់​បានជម្រាបជូនភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជាគឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិល ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសរំលេចថា កម្ពុជាសូមគូស​បញ្ជាក់​យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥត​ងាករេរបស់​ខ្លួន​ក្នុងការគោរព ហើយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែល​បានសម្រេចកាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុង​កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner