នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប ២១៤ក្បាល នៅក្នុង ប្រទេសកម្ពុជា
(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយ អគ្គនា យកដ្ឋានតំបន់ការពារ ធម្មជាតិនៃក្រសួងបរិស្ថានបា នបង្ហាញអំពីលទ្ធផលវិជ្ជមាន ក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក(Grus antigone sharpii)។
ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុង ប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿន នេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រ នៃប្រភេទសត្វ ដ៏កម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវា នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។
ការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប ២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។
ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «លទ្ធផលជំរឿននេះនាំមកនូវសុទិដ្ឋិនិយម ចំពោះការគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា»។ ឯកឧត្តមបានបន្ថែមថា «ការកើន ឡើងចំនួនសត្វក្រៀល ក្នុងពេលធ្វើជំរឿនឆ្នាំ ២០២៥ បានបង្ហាញអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្ត ធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅ ប្រកបដោយភាពសុខដុមរមនា។
ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២គឺ «ភាពបៃតង» ដែលគាំទ្រដល់ការចូលរួមពី អាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ក្នុងការកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការបណ្តុះ ដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលធ្វើឱ្យចំនួនសត្វព្រៃ ជាពិសេសប្រភេទសត្វក្រៀល មានការកើនឡើង»។
សូមបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀល ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុង ទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពី ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា (CSCWG)។ ការធ្វើជំរឿន នេះ អាចប្រព្រឹត្តទៅបាន តាមរយៈកិច្ច សហការរវាង ស្ថាប័ន និងអង្គការ មួយចំនួនរួមមាន៖ ក្រសួង បរិស្ថាន(MoE) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) មូលនិធិសត្វក្រៀលអន្តរជាតិ(ICF) អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) និង អ្នកពាក់ព័ន្ធផ្សេងទៀត។
លោក Alistair Mould នាយកប្រចាំប្រទេសកម្ពុជានៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានមានប្រសាសន៍ថា «លទ្ធផលជំរឿនសត្វក្រៀលដ៏ជោគជ័យទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងមិនចេះនឿយហត់ របស់សមាជិកក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកអភិរក្សផ្សេងទៀត ដែលបាននិងកំពុងធ្វើការនៅទីវាល»។
កញ្ញា Christel Griffioen នាយក ប្រចាំ ប្រទេស របស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលើកឡើងថា «តំបន់ដីសើម និងព្រៃរបោះរបស់ប្រទេសកម្ពុជា គឺជាបន្ទាយដ៏រឹងមាំ សម្រាប់គាំទ្រដល់សត្វក្រៀល ដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិ និងវប្បធម៌ដ៏ជ្រៀលជ្រៅ។ លទ្ធផលជំរឿនដ៏គាប់ប្រសើរក្នុងឆ្នាំ២០២៥នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គការដៃគូអភិរក្ស និងសហគមន៍មូលដ្ឋាន។ ការធានាបាននូវនិរន្តភាពនៃកិច្ចសហការគឺមានសារៈសំខាន់ណាស់ដើម្បីធានាអនាគតយូរអង្វែងសម្រាប់សត្វដ៏ស្រស់ស្អាត និងអស្ចារ្យនេះ»។
លោក ប៊ូ វរសក្ស អនុប្រធានក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា និង ជា នាយក អង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា «ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារសត្វក្រៀល និងទីជម្រករបស់វា។ តាមរយៈការអង្កេតតាមដានរួមគ្នា ការធ្វើផែនការយុទ្ធសាស្រ្ត ការអភិរក្សរួមគ្នា និងការផ្តួចផ្តើមអនុវត្តកសិកម្មមេត្រីភាពសត្វក្រៀល យើងបាននិងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថាប្រភេទសត្វតំបន់ដីសើមដ៏កម្រ ដែលកំពុងមានវត្តមាននៅអាស៊ីអាគ្នេយ៍ មួយនេះ នឹងបន្តកើនឡើង និងរួមចំណែកជាផ្នែកមួយ នៃសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា»៕
ដោយ៖ង៉ាន់ ទិត្យ






