ឯកឧត្តម ហ៊ុន ម៉ានី៖ កម្លាំង និងសម្លេង នៃស្មារតីជាតិ គឺជាថាមពលធំមួយ​ជូនដល់​រាជរដ្ឋាភិបាល ដើម្បីផ្តោតអារម្មណ៍ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី

(ភ្នំពេញ)៖ ក្នុងនាមក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក៏ដូចជាមន្ទីររាជធានី ខេត្ត ដែលបានចូលរួមផ្ទាល់ និងអនឡាញ សូមឱ្យបន្តតាមដានដោយយកចិត្ត​ទុក​ដាក់​នៃការវិវត្តកិច្ចការងារ និងស្ថានការណ៍ជំលោះនៅតាមព្រំដែនកម្ពុជា ថៃ ដោយ​សូមឱ្យមានការយោគយល់ និងអត់ធ្មត់ចូលរួមជាមួយគ្នា បន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសត្រូវមានជំនឿចិត្តទៅលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា កម្លាំង និងសម្លេង នៃស្មារតីជាតិគាំទ្ររាជ​រដ្ឋាភិបាល គឺជាថាមពលធំមួយជូនដល់រាជរដ្ឋាភិបាល ដើម្បីផ្តោតអារម្មណ៍ក្នុង​ការដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្លេងនៃខឿនការពារជាតិរបស់ប្រជាជនរបស់​យើង ត្រូវតែគាំទ្រដល់រាជរដ្ឋាភិបាល ហើយចូលរួមដោយអត់ធ្មត់ និងជឿជាក់លើការ​ដោះស្រាយដោយសន្តិវិធី។

ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​តាម​ដាន​វឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៥ ពីសមិទ្ធផលសម្រេចបាន បញ្ហា​ប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់​ក្រសួងមុខងារ​សាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្តាល និងមន្ទីរមុខងារសាធារណៈទាំងអស់ ដែលបាន​ចូលរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងការងារស្នូលរបស់​ក្រសួង​យ៉ាងសកម្ម ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ រយៈពេល ២ឆ្នាំរបស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយសាមគ្គីឯកភាព និង​មូលមតិគ្នា។

ទន្ទឹមនឹងការរាយការណ៍ពីវឌ្ឍនភាពគួរជាទីមោទនៈ ដែលថ្នាក់ដឹកនាំ​ និងមន្ត្រី​រួមគ្នាសម្រេចបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវការខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងដោយស្មារតីទទួលខុស​ត្រូវខ្ពស់ទៅលើសមរភូមិយោធា សមរភូមិការទូត ដើម្បីការពារអធិបតេយ្យ​ភាព​ទឹកដី។ លើសពីនេះបន្ថែមទៀត ក៏មានការខិតខំគ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើ​សមរភូមិសាធារណមតិផងដែរ។

ទន្ទឹមនេះ ឯកឧត្តម បានរំលេចនូវផលជះ នៃការកែទម្រង់រដ្ឋបាលសាធារណៈជា​ច្រើន​ដែលចេញមកពីការសហការអនុវត្តការងារយ៉ាងសស្រាក់សស្រាំ ទាំងក្នុងក្រ​សួង និងជាមួយក្រសួង ស្ថាប័នផ្សេងទៀត។ ខ្លឹមសារលម្អិតនឹងរាយការណ៍​ជូន​ក្នុងមាតិកាបន្ទាប់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner