ឯកឧត្តម ប៊ិន ត្រឈៃ ៖ កម្ពុជានឹងមានប្រជាជន ២២លាននាក់ក្នុងឆ្នាំ ២០៥០ ដែលបង្កើតឱកាសប្រជាសាស្ត្រសម្រាប់អភិវឌ្ឍសង្គម–សេដ្ឋកិច្ច

(ភ្នំពេញ)៖ ប្រជាជនកម្ពុជា មានប្រមាណ ១៧,២លាននាក់ នៅឆ្នាំ២០២៤ ហើយនឹងកើនដល់ ២២លាននាក់ នៅឆ្នាំ២០៥០ ។ ក្នុងចំណោមនេះ ប្រជាជនអាយុពី ១៥ ដល់ ៥៩ឆ្នាំ មាន ៦៣,១% នៅឆ្នាំ២០២៤ ហើយនឹងថយចុះតិចតួចទៅ ៦១,៧% នៅឆ្នាំ ២០៥០។ ទិន្នន័យនេះបញ្ជាក់ថា កម្ពុជា នឹងមានកម្លាំងពលកម្មច្រើនរហូតដល់ក្រោយឆ្នាំ២០៥០ ដែលជាឱកាសសំខាន់សម្រាប់អភិវឌ្ឍសង្គម–សេដ្ឋកិច្ច ប៉ុន្តែតម្រូវឱ្យមាន វិនិយោគប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីបំលែងឱកាសនេះទៅជាភាពជោគជ័យពិតប្រាកដ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងកិច្ចប្រជុំអន្តរក្រសួងកម្រិតខ្ពស់ ដើម្បីធ្វើបច្ចុប្បន្នភាព នៃការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយ កម្ពុជាបានឈានទៅរកការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់ ដោយក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយកំពុងឆ្ពោះទៅរក ចក្ខុវិស័យ ២០៥០ ដើម្បីក្លាយជាប្រទេសចំណូលខ្ពស់។ ដោយផ្អែកលើកម្រិតវឌ្ឍនភាពបច្ចុប្បន្ន កម្ពុជាកំពុងរៀបចំខ្លួនចាកចេញពីចំណាត់ក្រុម ប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩។

ឯកឧត្តម ប៊ិន ត្រឈៃ បានបញ្ជាក់ថា ការរៀបចំរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦–២០៣០ គឺដើម្បីវាយតម្លៃវឌ្ឍនភាព បញ្ហាប្រឈម និងបទពិសោធន៍ ក្នុងអំឡុងឆ្នាំ២០១៦–២០២៤ ព្រមទាំងកំណត់ការតម្រង់ទិសបន្តពី ២០២៥–២០៣០ និងអនុសាសន៍ក្រោយឆ្នាំ ២០៣០។ ទោះបីជាយ៉ាងណា របាយការណ៍នេះ មិនមែនជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់បច្ចុប្បន្នភាពក្រោយឆ្នាំ ២០៣០។

លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំនៅកម្ពុជា បានកោតសរសើរ និងមានទស្សនៈវិជ្ជមានចំពោះការវិវឌ្ឍរបស់កម្ពុជា តាមរយៈការអនុវត្តគោលនយោបាយជាតិប្រជាជន ដែលកម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ រួមមានការកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យប្រសើរឡើងផ្នែកសុខាភិបាល ការអប់រំ ការការពារសង្គម និងសមភាពយេនឌ័រ។

កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយក្នុងការធ្វើផែនការគ្រួសារ ដែលនេះជាសក្ខីកម្មនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខណ្ឌអនុវត្តគោលនយោបាយជាតិប្រជាជន និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិធីសាស្រ្តនៃចំនួនប្រជាជនទាំងមូល (whole of population approach, តាំងពីកើតរហូតដល់ស្លាប់) ហើយដោយមិនទុកនរណាម្នាក់ចោលឡើយ។

គួរបញ្ជាក់ថា គោលនយោបាយជាតិប្រជាជន ២០១៦–២០៣០ បានកំណត់អាទិភាពចម្បង ៤ ចំណុច៖
១. ការពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
២. ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម
៣. ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ
៤. ការវិនិយោគក្នុងវិស័យសង្គមកិច្ច និងអភិវឌ្ឍមូលធនមនុស្ស ។

របាយការណ៍វាយតម្លៃនេះ ក៏បានពិនិត្យអំពីវឌ្ឍនភាពនៃអភិវឌ្ឍសង្គម–សេដ្ឋកិច្ច និងបម្រែបម្រួលប្រជាសាស្ត្រ ដោយភ្ជាប់ទៅនឹងបរិបទជាតិ និងសកល ក្នុងក្របខ័ណ្ឌប្រជាជន និងអភិវឌ្ឍន៍៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner