លោក ត្រាំ លក់មីស៊ីលជាង ៣ ពាន់គ្រាប់ ក្នុងតម្លៃជាង ៨០០ លានដុល្លារទៅឱ្យអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសយល់ព្រមលក់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ៣.៣៥០គ្រាប់ និងឧបករណ៍ជំនួយ ប្រព័ន្ធផែនការបេសកកម្ម និងជំនួយបច្ចេកទេសក្នុងតម្លៃប្រមាណ ៨២៥លានដុល្លារទៅឱ្យអ៊ុយក្រែន ចំពេលដែលរុស្ស៊ីបង្កើនការវាយប្រហារទ្រង់ទ្រាយធំ។

មីស៊ីល Extended Range Attack Munition ហៅកាត់ (ERAM) ជាប្រភេទកាំជ្រួចបាញ់បង្ហោះតាមអាកាសប្រភេទថ្មី ដែលមានរយៈចម្ងាយរហូតដល់ ៤០០ គីឡូម៉ែត្រ។ ការទិញលក់នេះ កំពុងត្រូវបានផ្តល់មូលនិធិតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសដាណឺម៉ាក ន័រវែស និងហូឡង់ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញលក់មីស៊ីលចម្ងាយឆ្ងាយនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការគំរាមកំហែង ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ពិសេសសម្រាប់បេសកកម្មការពារស្វ័យភាព និងសន្តិសុខក្នុងតំបន់។

ទីភ្នាក់ងារ DSCA បន្ថែមថា ការអនុម័តនេះទៀតសោត នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការធ្វើទំនើបកម្មសន្តិសុខប្រទេសដៃគូ ដែលជាកម្លាំងចលករសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន AFP, គិតមកទល់ពេលនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញទំហឹងលើប្រទេសជិតខាងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ បានបង្ហាញពីឆន្ទៈតិចតួចប៉ុណ្ណោះ ក្នុងការបញ្ចប់សង្គ្រាមអូសបន្លាយជាង ៣ឆ្នាំមកនេះ បើទោះបីជាមានសម្ពាធពីមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលគំរាមខ្លាំងៗថា រុស្ស៊ីនឹងប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មដ៏ធំក៏ដោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner