ឯកឧត្តម ហេង សួរ ៖ សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា។

ការលើកឡើងរបស់ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺធ្វើឡើង ក្នុងកម្មវិធីជួបជុំអតីតនិស្សិតខ្មែរសិក្សានៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sun & Moon Riverside Hotel កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រនិងផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើការកសាងធនធានមនុស្ស និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា តាមរយ: ការរួមចំណែករបស់អតីតនិសិ្សតដែលធ្លាប់សិក្សានៅសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោក គីម ហ្សន់ស៊ូ ភារៈធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពជិតស្និទ្ធបំផុតខ្លាំងជាងពេលណាៗទាំងអស់។ កាលពីឆ្នាំមុន ជំនួបកំពូលដែលបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ បានធ្វើឱ្យកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែយ៉ាងស៊ីជម្រៅនៅគ្រប់វិស័យ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner